(ភ្នំពេញ)៖ កញ្ញា រ៉េត សារីតា បានប្រែក្លាយខ្លួនទៅជាបុគ្គលម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីមហាជនកម្ពុជា ក្រោយពីនាងឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីប្រឡង បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងមានភាពតស៊ូរហូតបានទទួលចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នកំពុងត្រៀមខ្លួន ទៅប្រកួតប្រជែងជាមួយបវរកញ្ញាមកពីជុំវិញពិភពលោក ក្នុងកម្មវិធី «Miss Universe International» នាពេលខាងមុខ។ ទន្ទឹមគ្នានោះ អ្វីដែលបវរកញ្ញារូបនេះ ចង់នាំទៅឲ្យពិភពលោកដឹងកាន់តែច្បាស់ គឺភាពរីកច្រើន និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយនាងអះអាងថា កន្លងមកបរទេសស្គាល់កម្ពុជា តែពីអតីតដ៏ល្វីងជូរចត់ ហើយពេលនេះចង់ឲ្យពិភពលោក ដឹងពីការរីកចម្រើន ភាពសម្បូរសប្បាយ របស់កម្ពុជានាពេលបច្ចុប្បន្នវិញម្តង។

រ៉េត សារីតា និយាយថា «ជាទូទៅ បើយើងក្រឡេកមើលបរទេស នៅពេលគេស្គាល់ពីប្រទេសកម្ពុជា គឺគេស្គាល់តែប្រវត្តិសាស្រ្តដ៏ជូរចត់នៅក្នុងស្រុកខ្មែរ ប៉ុន្តែនៅពេលនេះខ្ញុំចង់ផ្លាស់ប្តូរគំនិតរបស់គេ គឺយើងចង់លើកយកនូវភាពរុងរឿង ភាពរីកចម្រើននៃប្រទេសកម្ពុជាឥឡូវ ដែលងើបឡើងពីអតីតកាលដ៏កំសត់ជូរចត់ ទៅជាប្រទេសមួយដ៏មានភាពរីកច្រើនខ្លាំង ហើយមានប្រជាជនដែលមានភាពរួសរាយ រាក់ទាក់ មានទឹកចិត្តល្អ។ ខ្ញុំចង់យកអ្វីទាំងអស់នេះ ទៅផ្សព្វផ្សាយឲ្យពួកគាត់ស្គាល់...»

ការអះអាងបែបនេះរបស់ កញ្ញា រ៉េត សារីតា គឺធ្វើឡើងតាមរយៈការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ តាមរយៈនេះ រ៉េត សារីតា បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាច្រើន ទៅកាន់ទស្សនិកជន ក្រោយទទួលតំណែងជាបវរកញ្ញាចក្រវាល ឆ្នាំ២០២០ ពោលនាងបានឆ្លងការនូវភាពតស៊ូជាច្រើនក្នុងវិថីសិល្បៈ និងបានខិតខំស្រាវជ្រាវពីកម្មវិធី «Miss Universe» អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងព្យាយាមហាត់រៀន ធ្វើយ៉ាងណាមឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងមានទំនុកចិត្ត ដើម្បីបានចូលរួមក្នុងកម្មវិធីនេះ និងទទួលបានលទ្ធផលល្អដូចពេលនេះ។

ដោយភាពតស៊ូទាំងនេះ រ៉េត សារីតា ក៏បានសម្រេចក្តីបំណង ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី «Miss Universe» ដោយត្រូវមានភារកិច្ចទៅប្រកួតបន្តលើឆាកអន្តរជាតិ ជាមួយបវរកញ្ញាជាច្រើនរូបទៀតមកពីជុំវិញពិភពលោក។ ដោយហេតុបច្ចុប្បន្ន រ៉េត សារីតា កំពុងត្រៀមខ្លួនទៅប្រកួត អ្វីដែលនាងនឹងនាំយកទៅផ្សព្វផ្សាយឲ្យពិភពលោកបានដឹងឲ្យកាន់តែច្បាស់ នៅពេលនាងចេញទៅប្រកួតនោះ គឺភាពរីកច្រើន និងការអភិវឌ្ឍយ៉ាងខ្លាំង របស់កម្ពុជានៅពេលបច្ចុប្បន្ននេះ។

គួរជម្រាបថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូបដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញគឺនាងមានការចេះដឹងច្រើនតែម្តង។ បន្ថែមពីរនេះ ក្រៅពីអាចនិយាយភាសាខ្មែរ នាងអាចនិយាយភាសាអង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញផងដែរ។

កញ្ញា រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាពតាមរយៈការងារសិល្បៈដោយមិនរុញរា រហូតនាងក្លាយជាតារាសម្តែង និងជាពិធីការិនី ដែលមានទេពកោសល្យយ៉ាងប្រកបដោយភាពបត់បែនខ្ពស់៕