(ឡុងដ៍)៖ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងឡុងដ៍បានប្ដឹងទៅកាន់តុលាការដោយចោទប្រកាន់ថា កម្មវិធី TikTok បានរំលោភ បំពានច្បាប់ដ៏តឹងរឹងបំផុតរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់បានឱ្យដឹងថា កម្មវិធីបានប្រើប្រាស់នូវទិន្នន័យផ្ទាល់ខ្លួនរបស់នាង ដែលនាំឱ្យនាងជួបនូវបញ្ហាជាច្រើន ដោយក្នុងនោះ រួមមានការការគំរាមកំហែងពីសំណាក់ក្មេងៗដទៃទៀតតាមរយៈបណ្ដាញសង្គម TikTok ដូច្នេះនាងតាមទារឱ្យ TikTok រក្សា ការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឱ្យបានល្អ និងស្ថិតនៅក្នុងភាពសម្ងាត់បំផុត។

ចៅក្រម Mark Warby បាននិយាយថា តាមពាក្យបណ្ដឹងគឺចង់ទាមទារឱ្យ TikTok កុំរំលោភបំពានទៅលើភាពជាឯកជនរបស់អ្នកប្រើ ប្រាស់ និងទទួលបាននូវសិទ្ធិការពារភាពជាឯកជន ខណៈដែលសវនាការត្រូវបានធ្វើឡើងដោយ អនាមិក ព្រោះនាងអនីតិជន។

សហភាពអឺរ៉ុប បានយកចិត្តទុកដាក់ទៅលើភាពជាឯកជនរបស់កុមារខ្លាំងបំផុត ហើយបើសិនជាដូចការចោទប្រកាន់មែននោះ TikTok នឹងប្រឈមមុខក្នុងផ្លូវច្បាប់យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ TikTok នៅមិនទាន់រួចខ្លួននោះទេក្នុងការឈរជើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយ លោកដូណាល់ ត្រាំ បានអះអាងថា កម្មវិធី TikTok ត្រូវបានគ្រង់គ្រោងដោយរដ្ឋាភិបាលចិន ជាពិសេសគឺអាចបង្កជាហានិភ័យ និងអសន្តិសុខ ដល់ ពល រដ្ឋ អាមេរិក ដោយបានស្នើសុំឱ្យលុប TikTok ចេញពី App Store និង Play Store អាមេរិក៕