(ភ្នំពេញ)៖ ការពង្រីកកន្លែងអង្គុយថ្មីនៃកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា មកទល់ពេលនេះ បានសម្រេចលទ្ធផលប្រមាណ ៧០% ហើយ ដើម្បីត្រៀមស្វាគមន៍ និងបង្កើនចំនួនអ្នកទស្សនាផ្ទាល់ នារដូវកាលថ្មី ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ គ្រោងនឹងចាប់ផ្ដើមនាដើមខែមីនាខាងមុខ។
លោក ស៊ុក ទីនាគ ប្រធានគ្រប់គ្រងគម្រោងសាងសង់នៃក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានបញ្ជាក់ថា គម្រោងខាងលើបច្ចុប្បន្នសម្រេចបានប្រមាណ ៧០%។ គម្រោងនេះ មានលក្ខណៈពិសេសជាងកន្លែងអង្គុយទស្សនាមុន ដោយផ្ដោតលើភ្ញៀវ VIP ដែលអាចអង្គុយទស្សនាផង និងអាចទទួលទានអាហារនៅទីនោះបានទៀតផង។
ក្រៅពីកន្លែង VIP ក៏មានកៅអីអង្គុយខាងក្រៅដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាង ១ពាន់នាក់បន្ថែម ធ្វើឲ្យកីឡដ្ឋានព្រីនស៍ មានលទ្ធភាពទទួលអ្នកគាំទ្របានកាន់តែច្រើនទៀត បន្ទាប់ពីគម្រោងនេះសាងសង់រួច។ នេះបើតាមការបន្ថែមរបស់លោក ស៊ុក ទីនាគ តែលោកមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់កន្លែងអង្គុយថ្មី ដែលមានលក្ខណៈទំនើបជាងកន្លែងអង្គុយចាស់នេះនោះទេ។
គួរបញ្ជាក់ថា មុនពង្រីកកន្លែងអង្គុយថ្មីកីឡដ្ឋានរបស់ក្រុម ដែលជាបេក្ខភាពត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2021 នេះ គឺអាចផ្ទុកអ្នកទស្សនាប្រមាណជាង ៥,០០០នាក់។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតរដូវកាលថ្មី លីគកំពូលកម្ពុជាគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែមីនាខាងមុខ ហើយគេក៏រំពឹងថា វិសាខានឹងអាចដាក់ឲ្យប្រើប្រាស់កន្លែងអង្គុយថ្មីរបស់ខ្លួន នៅក្នុងរដូវកាលថ្មីខាងមុខនេះផងដែរ៕