(អាមេរិក)៖ ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba និង Ant Group នោះ ស្រាប់តែគេសង្កេតឃើញថា លោក Jack Ma ហាក់ដូចជាបាត់ស្រមោល និងមិនបានបង្ហាញខ្លួនជាសាធារណៈចំនួនប្រហែលជាពីរខែមកហើយ ដោយក្នុងនោះមានកម្មវិធីធំៗជាច្រើនត្រូវបានជំនួសដោយអ្នកផ្សេងទៅវិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ពាណិជ្ជករ និងជាកំពូលមហាសេដ្ឋី ចិនរូបនេះ ត្រូវចូលរួមកម្មវិធីទូរទស្សន៍ «Africa’s Business Heroes» ដែលបង្កើតឡើងដោយលោក Jack Ma ផ្ទាល់ ហើយ លោក ក៏ មានឈ្មោះធ្វើជាគណៈកម្មាធិការផងដែរ ប៉ុន្តែនៅវគ្គផ្ដាច់ព្រ័ត្រគឺមិនមានវត្តមានរបស់លោកទេ ផ្ទុយទៅវិញបែរជាឃើញនាយកប្រតិបត្តិ Alibaba មកជំនួស។
ពាក់ព័ន្ធនឹងការមិនបង្ហាញវត្តមាននៅក្នុងកម្មវិធីខាងលើនេះ ត្រូវបានអ្នកនាំពាក្យរបស់ Alibaba បញ្ជាក់ថា ដោយសារតែលោក Jack Ma មានកម្មវិធីជាន់គ្នា ដូច្នេះទើបត្រូវឱ្យលោកនាយកប្រតិបត្តិមកជំនួស ប៉ុន្តែមិនបានបញ្ជាក់ថា លោក Jack Ma ជាប់កម្មវិធីអ្វីនោះទេ៕