(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា «ធនាគារ អេស៊ីលីដា ពុំដែលមាន និងគ្មានកម្មវិធីចាប់ឆ្នោតផ្សងសំណាង ឬផ្តល់រង្វាន់ឡើយ»។
អាស្រ័យដូចបានជម្រាបខាងលើ ប្រសិនបើអតិថិជនមានមានចម្ងល់ សូមទាក់ទងដោយផ្ទាល់ មកការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ឬទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) របស់ធនាគារតាមរយៈលេខទូស័ព្ទ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។
ការចេញមកអះអាងជាថ្មីរបស់ធនាគារនេះ ធ្វើឡើងបន្ទាប់មានជនខិលខូចមួយចំនួន នៅតែប្រើប្រើល្បិច តាំងខ្លួនជាបុគ្គលិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬយកឈ្មោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទៅប្រើប្រាស់ដើម្បីឆបោក ប្រាក់ពីអតិថិជន និងសាធារណជនមួយចំនួនតាមរយៈទូរស័ព្ទ ឬតាមរយៈមធ្យោបាយផ្សេងៗទៀត ដោយតម្រូវឲ្យអតិថិជន ឬសាធារណជននោះផ្ទេរប្រាក់មួយចំនួនជាមុនសិន ដើម្បីចំណាយរត់ការ ជាថ្នូរនឹងការទទួលបានរង្វាន់ជាទឹកប្រាក់ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី៕