(សៀងហៃ)៖ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសក្ដែងៗថា នឹងចាត់ «វិធានការចាំបាច់នានា» ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនទូរគមនាគមន៍ចិន ដែលការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange (NYSE) ប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការលុបឈ្មោះក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៣ ចេញពីបញ្ជីផ្សារភាគហ៊ុនអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាផ្សារភាគហ៊ុន NYSE បានប្រកាសកាលពីថ្មីៗនេះថា នឹងចាប់ផ្ដើមលុបក្រុមហ៊ុនទូរគមនាគមន៍ចិនចំនួន ៣ រួមមានក្រុមហ៊ុន China Mobile , China Unicom និង China Telecom ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដោយធ្វើឡើងតាមសេចក្ដីសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរារាំងការវិនិយោគរបស់អាមេរិក ទៅលើបណ្ដាក្រុមហ៊ុនដែលកាន់កាប់ដោយយោធាចិន។

ក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ការសម្រេចចិត្តដកក្រុមហ៊ុនចិនពីផ្សារភាគហ៊ុននេះគឺជារឿងមិនត្រឹមត្រូវ ពោលគឺបានរំលោភបំពាន និងមិនគោរពតាមគោលការណ៍ដែលកំណត់ដោយផ្សារភាគហ៊ុន ហើយការចោទប្រកាន់របស់រដ្ឋភិបាលអាមេរិកក៏ធ្វើឡើងដោយគ្មាន ភស្ដុតាងជាក់លាក់ផងដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា៖ ចិនប្រឆាំងដាច់ខាតចំពោះអាមេរិក ដែលដាក់បញ្ចូលក្រុមហ៊ុនចិនចូលក្នុងបញ្ជី «ក្រុមហ៊ុនយោធារបស់ចិន កុម្មុយនីស្ត» ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលចិននឹងចាត់វិធានការតបតចាំបាច់នានា ដើម្បីការពារដាច់ខាតនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕