(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោកប្តេជ្ញានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡា Tokyo Olympic Games បើទោះបីជាស្ថានភាព នៃការរីករាលដាលវីរ៉ុស COVID-19 កំពុងអាក្រក់ខ្លាំង នៅក្នុងប្រទេសរបស់លោកក៏ដោយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។
លោក Suga បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា លោកនឹងរៀបចំសម្រាប់ព្រឹត្តិការណ៍ Tokyo Olympic និងព្រឹត្តិការណ៍ Paralympic Games ជាមួយនឹង «ការប្តេជ្ញាចិត្ត» ហើយនឹងចាត់វិធានការ ដែលអាចធ្វើទៅបានទាំងអស់ ដើម្បីប្រឆាំងនឹងការឆ្លង និងផ្តល់នូវក្តីសង្ឃឹម និងសេចក្តីក្លាហាន ដល់ពិភពលោកទាំងមូល។
លោកបានលើកឡើងផងដែរថា រដ្ឋាភិបាលរបស់លោក នឹងពិចារណាលើការប្រកាសភាពអាសន្ន សម្រាប់ទីក្រុងតូក្យូ និង តំបន់ជុំវិញ ដែលកំពុងរងគ្រោះខ្លាំងបំផុត ដោយសារការឆ្លងវីរ៉ុស COVID-19 ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕