(អាមេរិក)៖ គម្រោងផលិតរថយន្តរបស់ Apple (Apple Car) ដែលត្រូវបានគេស្គាល់ឈ្មោះថា Titan នៅពេលនេះមិនទាន់មាន ព័ត៌មានច្បាស់ការណាមួយនោះទេ ដោយព័ត៌មានខ្លះផ្សាយថា ក្រុមហ៊ុន Apple អាចនឹងផលិតរថយន្តផ្ទាល់ខ្លួន, ផលិតរថយន្តអគ្គិសនី ឬរថយន្តបើកបរដោយស្វ័យប្រវត្តិ។
ដោយឡែកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ សារព័ត៌មាន CNN បានចេញផ្សាយថា មានតម្រុយផ្លូវការខ្លះៗដែលគេអាចសន្មត់បានថា Apple អាចនឹងផលិតរថយន្តផ្ទាល់ខ្លួន ដោយបំពាក់នូវបច្ចេកវិទ្យាអស្ចារ្យជាច្រើន។
យោងតាមការចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុន Apple ទទួលបានអាជ្ញាប័ណ្ណប៉ាតង់ពី ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក ជាច្រើនពាក់ព័ន្ធនឹងរថយន្ត ដោយក្នុងនោះ Apple អាចនឹងផលិតរថយន្តសេរីទំនើប ការរចនាឡើង ដោយល្អឯក និងបំពាក់បច្ចេកវិទ្យាផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។
យោងតាមប៉ាតង់ និងការចេញផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា Apple Car អាចនឹងអស្ចារ្យជាងរថយន្ត របស់ក្រុមហ៊ុន Tesla សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ពោលគឺ Apple បានយកចិត្តទុកដាក់ និងគិតយ៉ាងល្អិតល្អន់អំពី តម្រូវការ និងភាពចាំបាច់របស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា នៅមុននេះ CNN ក៏បានចេញផ្សាយថា ក្រុមហ៊ុន Apple អាចនឹងសហការជាមួយក្រុមហ៊ុនផលិតរថយន្ត ដើម្បីប្រើប្រាស់នូវបច្ចេកវិទ្យារបស់ Apple ក្នុងការបង្កើតរថយន្តថ្មី ក្រោយស្លាកសញ្ញាថ្មី ប៉ុន្តែអ្វីៗទាំងនេះគ្រាន់តែជាសន្មត់ប៉ុណ្ណោះ ទើបតែពេលនេះ មានតម្រុយថ្មីនៃប៉ាតង់ដែលទើបទទួលបាន៕