(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានកំណត់តកាលបរិច្ឆេទដំណើរការប្រកួតឡើងវិញ នៃព្រឹត្តិការណ៍ចំនួន៤ នៅសប្ដាហ៍ក្រោយ រួមមានការប្រកួតលីគទី២, ជើងឯកបាល់ទាត់នារី, ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ និងពានរង្វាន់បាល់ទាត់ក្នុងសាល។

ការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្ដីពីការដំណើរការប្រកួតឡើងវិញនេះ គឺក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយជោគជ័យកាលពីសប្ដាហ៍មុន។

ចំពោះកាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍ទាំង៤ ខាងលើ រួមមានការប្រកួតលីគទី២ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១២ ខែមករា, ពានរង្វាន់បាល់ទាត់ក្នុងសាល នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៦ ខែមករា គ្រាដែលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ព្រមទាំងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្ដើមការប្រកួតក្នុងថ្ងៃមួយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទាំង ៤ ត្រូវបានផ្អាកការប្រកួត ២លើកមកហើយ បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា។ ប៉ុន្ដែមុនផ្អាកការប្រកួតលីគទី២ និងជើងឯកបាល់ទាត់នារី សុទ្ធតែបានដំណើរការប្រកួតចំនួន ៦សប្ដាហ៍ដូចគ្នា ស្របពេលពានបាល់ទាត់ក្នុងសាល ទើបដំណើរការប្រកួតបាន ២សប្ដាហ៍ប៉ុណ្ណោះ ។ រីឯពានយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ទើបចាប់ផ្ដើមការប្រកួតបាន ១សប្ដាហ៍ប៉ុណ្ណោះ៕