(ណានជីង)៖ Foxconn Technology Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បានប្រកាសឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រម ព្រៀងវិនិយោគ ជាមួយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកចិន Byton Ltd ដើម្បីពង្រីកវិសាលភាពនៃការផលិត និង ចាយចែក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn បាន ឈានជើងចូលក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយបានបោះទុនវិនិយោគប្រមាណជាង ២០០លានដុល្លារអាមេរិក សហការជាមួយ នឹង ក្រុមហ៊ុន Byton បង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាណានជីង។
លោក Young Liu អគ្គនាយកក្រុមហ៊ុន Foxconn បានថ្លែងឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសហការជាមួយនឹងក្រុមហ៊ុន Byton គឺជាឱកាសនៃការវិនិយោគថ្មី ហើយនៅឆ្នាំ ២០២២ ខាងមុខនេះ សង្វាក់ផលិតកម្មរថយន្តអេឡិចត្រូនិកនឹងចាប់ផ្ដើម ដំណើរការ ខណៈដែលទីផ្សាររថយន្តអេឡិចត្រូនិកនៅពេលនោះក៏កំពុងតែ ចាប់ផ្ដើមមានការប្រកួតប្រជែងផងដែរ។
កាលពីឆ្នាំមុន ក្រុមហ៊ុន Foxconn បានប្រកាសថានឹងសហការជាមួយក្រុមហ៊ុន Fiat Chrysler ក្នុងការផលិតរថយន្តអេឡិចត្រូនិក និង បង្កើតបណ្ដាញអ៊ីនធើណែតសម្រាប់តភ្ជាប់ជាមួយរថយន្តសម្រាប់ប្រើនៅក្នុងប្រទេសចិន ប៉ុន្តែមកដល់ពេលនេះមិនទាន់មាន ព័ត៌មាន អ្វី ថ្មី នោះទេ និយាយរួមគឺស្ងាត់តែម្ដង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Foxconn បានប្រកាសថា ខ្លួននឹងវាយលុយទីផ្សាររថយន្តអេឡិចត្រូនិកឱ្យបាន ១០ភាគរយ នៃទីផ្សារ ពិភពលោក នៅចន្លោះឆ្នាំ២០២៥-២០២៧៕