(ចិន)៖ តារាសម្តែងជើងចាស់របស់ហុងកុង ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើន របស់ស្ថានីយទូរទស្សន៍ TVB គឺលោកស្រី Lee Heung Kam ត្រូវបានគេរាយការណ៍មកថា បានទទួលមរណភាពនៅថ្ងៃច័ន្ទសប្តាហ៍នេះ ក្នុងវ័យ៨៨ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន South China Morning Post បានឲ្យដឹងថា តារាសម្តែងជើងចាស់រូបនេះ ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះ ហើយក៏បានទទួលមរណភាពនៅរសៀលថ្ងៃដដែល។
កូនស្រីរបស់តារាសម្តែង Lee Heung Kam បានប្រាប់ TVB ថា ម្តាយរបស់នាងបានបាត់បង់ស្មារតី និងមិនអាចឆ្លើយតបអ្វីទាំងអស់ ចាប់តាំងពីកំពុងព្យាបាលនៅផ្ទះ។ នាងបន្តថា ម្តាយនាងបរិភោគបានតែអាហាររាវ ដូចជាបបរប៉ុណ្ណោះ មិនអាចទទួលទានអ្វីដែលរឹងបានទេ។ តែយ៉ាងណា នាងមិនបានបញ្ជាក់នោះទេថា លោកស្រី Lee ស្លាប់ដោយសារជំងឺអ្វីនោះ។
យ៉ាងណាមិញ កាលពីឆ្នាំ២០១១ លោកស្រី Lee ត្រូវបានគេដឹងថា បានបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីដួល ខណៈពាក្យចចាមអារ៉ាមបានលើកឡើងថា លោកស្រីមានជំងឺម្យ៉ាងឈ្មោះថា Parkinson ដែលជាជំងឺមួយផ្នែកខួរក្បាល បណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គកាយមួយចំនួន ដែលធ្វើឲ្យមានភាពលំបាកក្នុងការដើរ និងគ្មានតុល្យភាពក្នុងការធ្វើដំណើរ។ ប៉ុន្តែពេលនោះ ត្រូវបានលោកស្រីបដិសេធ។
គួរជម្រាបថា លោកស្រី Lee គឺជាតារាសម្តែងជើងចាស់មួយរូបរបស់ស្ថានីយទូរទស្សន៍ TVB ខណៈភាពយន្តដែលលោកស្រីចូលរួមសម្តែងក្រោមចំណងជើងថា «Moonlight Resonance 2008» ទទួលបានការចូលទស្សនាយ៉ាងច្រើនពីទស្សនិកជន។
លោកស្រី Lee បានចាប់ផ្តើមអាជីពការងារសិល្បៈតាំងពីវ័យ ១៦ឆ្នាំ តាមរយៈការសម្តែងល្ខោនអូប៉េរ៉ា។ លោកស្រីបានចូលរួមក្នុងស្ថានីយទូរទស្សន៍ TVB ក្នុងឆ្នាំ ១៩៧២ ហើយក៏បានបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តភាគយ៉ាងច្រើនជាបន្តបន្ទាប់។ ការទទួលមរណភាពរបស់តារាសម្តែងជើងចាស់រូបនេះ បានធ្វើឲ្យទស្សនិកជន ដែលតែងតែតាមដានរឿងភាគរបស់ទូរទស្សន៍ TVB សម្តែងក្តីសោកស្តាយគ្រប់ៗគ្នាផងដែរ៕