(ភ្នំពេញ)៖ បន្ទាប់ពីប្រឡូកអាជីពបាល់ទាត់អស់រយៈពេលជាង ១៦ឆ្នាំ ខ្សែការពារវ័យ ៣៤ឆ្នាំ ទៀង ទីនី បានសម្រេចចិត្តព្យួរស្បែកជើងជាផ្លូវការហើយ ខណៈបើមានឱកាសលោកចង់វិវត្តន៍ខ្លួនធ្វើជាគ្រូបង្វឹកវិញម្តង ដើម្បីបន្ដរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាបន្ដទៀត។
ខ្សែការពារដែលមានបទពិសោធជោគជាំលើសមរភូមិវាលស្មៅនេះ បានសម្រេចចិត្តព្យួរស្បែកជើងនៅជញ្ជាំង ក្រោយលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀងបាន ១រដូវកាល ដោយរួមចំណែកជួយក្រុមទទួលបានជើងឯករងនៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០។
កីឡាករដែលត្រូវជាប្អូនថ្លៃរបស់លោក ហុក សុចិត្រា និងលោក ហុក សុជីវ័ន ខាងលើ បានសម្ដែងនូវក្ដីរីករាយ ចំពោះរយៈពេលជាង ១៦ឆ្នាំដែលលោកបានប្រកបអាជីពបាល់ទាត់ ដោយទទួលបានបទពិសោធ និងមេរៀនល្អៗជាច្រើនក្នុងវិស័យមួយនេះ។ ដូច្នេះបើមានឱកាស លោកចង់ធ្វើជាគ្រូបង្វឹកវិញម្ដង ដើម្បីចែករំលែក និងធ្វើការងារបាល់ទាត់បន្ដទៀត ក្នុងន័យរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា កីឡាករមានប្រភពពីខេត្តសៀមរាបនេះ បានផ្ដើមអាជីពបាល់ទាត់អំឡុងឆ្នាំ២០០៤ ជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប មុនផ្ទេរមកលេងឲ្យក្រុមខេមរាកីឡាកាលពីឆ្នាំ២០០៦ ហើយបន្ដផ្ទេរមកលេងឲ្យក្រុមណាហ្គាវើលដ៏ ឆ្នាំ២០០៧ និងក្រុមភ្នំពេញក្រោន ពីឆ្នាំ២០០៨-២០១២។ បន្ទាប់មកឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោកបានត្រឡប់ទៅលេងឲ្យក្រុមណាហ្គាវិញ មុនផ្ទេរទៅលេងឲ្យក្លិបអង្គរថាយហ្គឺរ នៅឆ្នាំ២០១៦។
នៅឆ្នាំ២០១៧ ស្របពេលក្លិបវិសាខា បានកកើតឡើងដែលដឹកនាំដោយលោក ហុក សុចិត្រា និងលោក ហុក សុជីវ័ន ដើម្បីលេងនៅក្របខណ្ឌលីគទី២ កីឡាករ ទៀង ទីនី បានមកចូលរួមជាមួយក្រុមសេះជំទង់នេះវិញ ដោយជួយក្រុមលើកពានលីគទី២ នាំឲ្យវិសាខា បានឡើងមកលេងលីគកំពូលកម្ពុជា មកទល់បច្ចុប្បន្ន មុនផ្ទេរទៅលេងឲ្យក្រុមព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២០ កន្លងទៅ។ ស្នាដៃធំៗដែលលោកបានបន្សល់ទុកមុនចូលនិវត្តន៍ គឺការជួយក្រុមឈ្នះជើងឯកលីគ ៣ដង និងពានសម្ដេចតេជោ ហ៊ុន សែន ២ដង៕