(ស៊ុយអែត)៖ ក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ធំលំដាប់ទី២នៅលើពិភពលោក Ericsson បានព្រមានដកខ្លួនចេញពីប្រទេសស៊ុយអែត ដែលជាទឹកដីកំណើត បើសិនជារដ្ឋាភិបាលនៃប្រទេសនេះមិនព្រមដកបំរាមដែលហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ និង បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei និង ZTE ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Borje Ekholm នាយកប្រតិបត្តិក្រុមហ៊ុន Ericsson បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសស៊ុយអែត ដោយស្នើសុំឱ្យរដ្ឋាភិបាលពិចារណា ឡើង វិញពាក់ព័ន្ធនឹងការចេញបំរាមឱ្យក្រុមហ៊ុននៅក្នុងប្រទេសទាំងអស់បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍របស់ ក្រុមហ៊ុនចិន Huawei និង ZTE ។
ការអំពាវនាវ និងស្នើសុំនេះ ត្រូវបានធ្វើឡើងក្រោយពេលរដ្ឋាភិបាលស៊ុយអែតចេញបំរាមថា ក្រុមហ៊ុននៅក្នុងប្រទេសទាំងអស់ ត្រូវ បញ្ឈប់ ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ ក្រុមហ៊ុនចិន Huawei និង ZTE ចាប់ពីឆ្នាំ២០២៥ ហើយនាយកប្រតិបត្តិរូបនេះក៏បាន ព្រមាន ផងដែរថា ក្រុមហ៊ុន Ericsson អាចនឹងដើរចេញពីប្រទេសស៊ុយអែត ដែលជាប្រទេសកំណើត បើសិនជាបំរាមមិនត្រូវបានដក។
ក្រុមអ្នកឃ្លាំមើលបានឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុន Ericsson ទទូចឱ្យរដ្ឋាភិបាលដកបំរាមចេញ ខណៈដែល Huawei និង ZTE គឺ ជាគូរប្រជែងដ៏ធំរបស់ខ្លួននៅក្នុងទីផ្សារផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ ប៉ុន្តែប្រភពជិតស្និទ្ធផ្សេងមួយចំនួនបានឱ្យដឹងថា ក្រុមហ៊ុន Ericsson ប្រហែលជាមានទំនាក់ទំនងអ្វីពិសេសជាមួយក្រុមហ៊ុន Huawei ។
គួរបញ្ជាក់ផងថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានអំពាវឱ្យសម្ព័ន្ធមិត្ត ជាពិសេសបណ្ដាប្រទេសដែលស្ថិតនៅក្នុងតំបន់អឺរ៉ុប បញ្ឈប់ ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិ៍ទ្យារបស់ក្រុមហ៊ុន Huawei ដោយសារតែអាចបង្កហានិភ័យដល់សន្តិសុខជាតិក្រុមហ៊ុន៕