(ភ្នំពេញ)៖ អតីតតារាសម្ដែងជើសចាស់ លោក ពៅ ភារុន ដែលបានរសាត់អណ្ដែតចាកឆ្ងាយពីប្រទេសកំណើត ទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានសម្ដែងនូវការខកចិត្តជាខ្លាំង ចំពោះគម្រោងដ៏ធំមួយ ក្នុងជីវិតរបស់លោក គឺការវិលត្រឡប់មករស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ ក្នុងឆ្នាំ២០២០នេះ ត្រូវបានខកខាន និងរាំងស្ទះព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ បានរីករាលដាលជាសកល ធ្វើឲ្យអ្វីត្រូវបែរជាផ្ទុយស្រឡះ ខុសពីការគិតទុក។

តារាសម្ដែងជើសចាស់លោក ពៅ ភារុន បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រនិច ពីសហរដ្ឋអាមេរិកមកថា ចាប់តាំងពីពាក់កណ្ដាលខែមិនា ឆ្នាំ២០២០មក ការងាររបស់លោកទាំងអស់ត្រូវបានផ្អាក ពោលគឺត្រូវសម្រាកនៅក្នុងផ្ទះ មិនត្រូវចេញដើរទៅណា និងមិនបានជួបជុំគ្នាអ្វីឡើយ ព្រោះតែការវាយលុកធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ចូលមកក្នុងសហរដ្ឋអាមេរិក និងក្នុងពិភពលោក។ លោកបន្តថា សូម្បីតែការងារសម្ដែង Show ឬការងារច្រៀង ដែលធ្លាប់តែសម្ដែងរួមគ្នា ជាមួយនឹងអ្នកសិល្បៈមកពីប្រទេសកម្ពុជា ក៏ត្រូវបានផ្អាកទាំងស្រុង មិនអាចដំណើការបានឡើយ។

តារាសម្ដែងធ្លាប់មានឈ្មោះល្បីរូបនេះ ថ្លែងទៀតថា «កូវីដវាយលុកចូលមកសហរដ្ឋអាមេរិកនេះ គឺមានផលប៉ះពាល់ធំធេងគួរសម សម្រាប់ខ្ញុំ ដោយការប៉ះពាល់នោះ វាគ្រាន់តែយើងបានចំណូល ពីការធ្វើការ និងចំណូលដែលរដ្ឋជួយវាខុសគ្នា ព្រោះបើយើងធ្វើការធម្មតា ប្រសើរជាងមានកូវីដវាយលុក អ៊ីចឹងរាល់ការចំណាយនានា ត្រូវបានកាត់បន្ថយ..!»

ជាងនេះទៅទៀត ឥទ្ធិពលនៃជំងឺកូវីដ១៩ បានធ្វើឲ្យរាំងស្ទះដល់គម្រោងធំៗរបស់លោកជាច្រើន ក្នុងឆ្នាំ២០២០នេះ ជាពិសេសគម្រោងវិលត្រឡប់ មករស់ប្រទេសកម្ពុជាវិញ ព្រោះតែនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ នេះ លោកមានគម្រោងមករស់នៅប្រទេសកំណើតវិញ ព្រមទាំងបើករបររកស៊ីខ្លះៗ និងបន្តការងារដែលលោកស្រឡាញ់ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំងទាំងអស់។

លោក ពៅ ភារុន និយាយថា «គម្រោងធំៗដែលខ្ញុំចង់ធ្វើ គឺចង់ត្រឡប់ទៅរស់នៅស្រុកខ្មែរវិញ នៅចុងឆ្នាំ២០២០ ប៉ុន្តែដោយសារចុងឆ្នាំ២០២០ មានបញ្ហាកូវីដ អ៊ីចឹងខ្ញុំត្រូវស្ទះនៅអាមេរិកសិន ហើយបើនៅឆ្នាំ២០២១ ឬ២០២២ នៅតែមានផលប៉ះពាល់ដល់ចំណូលរបស់ខ្ញុំ ខ្ញុំក៏មិនទាន់ទៅរស់នៅក្នុងប្រទេសកម្ពុជាបានវិញដែរ..!»

សូមជម្រាបថា អតីតតារាសម្ដែងលោក ពៅ ភារុន ធ្លាប់បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម ក្នុងវិស័យសិល្បៈ តាមរយៈការសម្ដែងភាពយន្ត សម្ដែងចម្រៀងខារ៉ាអូខេ ឲ្យផលិតកម្មល្បីៗជាច្រើន កាលពីរូបលោករស់នៅក្នុងប្រទេសកម្ពុជា។ ភាពយន្តដែលលោកសម្ដែងចុងក្រោយ មុននឹងចេញទៅរស់នៅអាមេរិក គឺរឿង «មាយាស្រ្តី» ព្រមទាំងមានខ្សែភាពយន្តជាច្រើនទៀត ដែលលោកបានបន្សល់ទុក ក្នុងនាមជាអ្នកសិល្បៈរៀមច្បងមួយរូប៕