(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានចែកចាយយន្តហោះជាង៥៦០គ្រឿង នៅក្នុងឆ្នាំ២០២០ , នេះបើយោងតាមការប្រមូលទិន្នន័យ និងប្រភពពីឧស្សាហកម្មអាកាសចរណ៍, ដោយចំនួននេះ បានយកឈ្នះលើក្រុមហ៊ុន Boeing ក្នុងការក្លាយជាក្រុមហ៊ុនផលិតយន្តហោះ បានច្រើនជាងគេបំផុត នៅលើពិភពលោក សម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះ របស់សហភាពអឺរ៉ុបមួយនេះ បានសម្រេចគោលដៅក្រៅផ្លូវការ ក្នុងការប្រគល់យន្តហោះ៥៦០គ្រឿង ជូនដល់អតិថិជន។
ក្រុមហ៊ុន Airbus ដែលត្រូវបានគេរំពឹងថា នឹងប្រកាសពីការបញ្ជាទិញ និងការប្រគល់យន្តហោះ សម្រាប់ឆ្នាំ២០២០ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បានបដិសេធក្នុងការបកស្រាយ មុនពេលការចេញផ្សាយជាផ្លូវការរបស់ខ្លួន។
ការចែកចាយយន្តហោះសរុប របស់ក្រុមហ៊ុន Airbus ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះ ប្រមាណ១ភាគ៣ នៅក្នុងឆ្នាំនេះ ដោយសារតែផលប៉ះពាល់ ពីការរីករាលដាល នៃវីរ៉ុស COVID-19 ទៅលើការធ្វើដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតយន្តហោះ របស់សហភាពអឺរ៉ុបមួយនេះ អាចយកឈ្នះ លើក្រុមហ៊ុន Boeing ដែលចែកចាយយន្តហោះ បានត្រឹមតែ១១៨គ្រឿងប៉ុណ្ណោះ ចម្លោះពីចាប់ផ្តើមឆ្នាំ២០២០ រហូតដល់ចុងខែវិច្ឆិកា ជាមួយនឹងយន្តហោះ 737 MAX ត្រូវបានផ្អាកការហោះហើរ នៅពេលនោះ៕