(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសត្រៀមបង្ហាញនូវកីឡាករបរទេសចំណូលថ្មីមួយរូបទៀត នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាដើមខែមីនាខាងមុខ។
អ្វីដែលគួរឲ្យកត់សម្គាល់ អតីតក្រុមជើងឯកលីគ ២សម័យនេះ បានបង្ហើបថា សមាជិកថ្មី ដែលខ្លួនត្រៀមបង្ហាញ និងនាំមកកាន់លីគកំពូលកម្ពុជានេះ គឺជាកីឡាករមានបទពិសោធលេងនៅក្របខណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប ពានរង្វាន់ UEFA Europa League ទៀតផង ។
នេះគឺជាព័ត៌មានដ៏រសើបមួយ ដែលក្លិបក្របខណ្ឌលីគកំពូលកម្ពុជា អាចនាំយកកីឡាករមានបទពិសោធលេងនៅអឺរ៉ុបមករួមក្រុម ដែលអាចនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ។ តែយ៉ាងណា ពេលនេះ អ្នកគាំទ្រកំពុងទន្ទឹងចាំអ៊ុត ចំពោះសមាជិកថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀងខាងលើ តើវត្តមានរបស់គេ នឹងមានឥទ្ធិពលកម្រិតណាដល់ក្លិប និងលីគកំពូលកម្ពុជា នារដូវកាលថ្មី?
យ៉ាងណាមិញលោក Conor Nestor គ្រូបង្វឹកក្រុមជើងឯករងឆ្នាំចាស់នេះ ធ្លាប់បញ្ជាក់ថា កីឡាករបរទេសត្រៀមរដូវកាលថ្មីទាំង ៥រូប ក្លិបបានព្រមព្រៀងលើកិច្ចសន្យារួចហើយ រង់ចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ ។ ប៉ុន្ដែជាក់ស្ដែងនៅសល់តែកីឡាករបរទេស ២រូបប៉ុណ្ណោះ ដែលក្លិបមិនទាន់បង្ហាញ ខណៈ ៣រូបទៀត គឺក្លិបមានក្នុងដៃស្រាប់ រួមមានខ្សែប្រយុទ្ធ Privat (សល់កុងត្រា), ខ្សែបម្រើជប៉ុន Daisuke (បន្ដកុងត្រាថ្មី) និងខ្សែបម្រើសញ្ជាតិប្រេស៊ីល Thiago (ត្រូវបានក្លិបនាំចូលជាថ្មី ក្រោយចាកចេញមួយរយៈខ្លី)៕