(អាមេរិក)៖ លោក Gary Cohn អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានតែងតាំងជាអគ្គនាយក រងនៃក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី International Business Machines (IBM) ។ នេះបើយោងតាមការចេញ ផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន IBM បានឱ្យដឹងថា លោក Gary Cohn នឹងត្រូវទទួលបន្ទុកច្រើននៅក្នុងក្រុមហ៊ុន IBM ដូចជា ត្រូវ ដឹកនាំ និងជំរុញប្រធានក្រុម គ្រប់ផ្នែកឱ្យមានការវិវឌ្ឍន៍ និងអភិវឌ្ឍន៍លើជំនាញអាជីវកម្ម សេវាកម្មអតិថិជន ទំនាក់ និងការគ្រប់គ្រង់ អតិថិជន រួមនឹងការងារមួយចំនួនទៀត។

លោក Gary Cohn ត្រូវបានគេដឹងថា បានធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកត្រាំ ចាប់ពីខែមករា ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៨។

គួរបញ្ជាក់ផងដែរថា លោក Gary Cohn មុនពេលក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកត្រាំ គឺធ្លាប់បានធ្វើជា ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន Goldman Sachs Group Inc ដែលជាធនាគារវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុដ៏ល្បីល្បាយនៅសហរដ្ឋអាមេរិក ដោយក្នុង នោះ លោកបានចំណាយពេលប្រមាណជា ២៦ឆ្នាំ នៅក្នុងក្រុមហ៊ុនមួយនេះ៕