(អាមេរិក)៖ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ផ្នែកចម្រៀងដ៏ធំរបស់អាមេរិក «Grammy Awards» ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករានេះ ត្រូវបានសម្រេចលើកពេលជាថ្មីម្តងទៀត ទៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១វិញ ខណៈការលើកពេលនេះ គឺដោយសារតែជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តកើនឡើង ក្នុងទីក្រុង Los Angeles។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
បើតាមអ្នករៀបចំកម្មវិធី «Grammy Awards» បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះ គឺតំណាងឲ្យវិស័យចម្រៀងទាំងមូលតែម្តង ដែលបានចាត់ទុកថា ជាកម្មវិធីដ៏ធំមួយសម្រាប់វិស័យនេះ ហើយពេលនេះត្រូវបានពន្យារពេល បន្ទាប់ពីបានពិភាក្សាជាមួយអ្នកជំនាញសុខភាព និងក្រុមតន្រ្តីករ។
Harvey Mason Jr អ្នករៀបចំកម្មវិធីបានបន្ថែមថា បន្ទាប់ពីធ្វើការពិភាក្សាជាមួយអ្នកជំនាញសុខភាព, ដៃគូផ្សព្វផ្សាយ គឺ CBS និងក្រុមសិល្បកររួចមក ក៏បានសម្រេចថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ «Grammy Awards» លើកទី៦៣ នឹងពន្យារពេលទៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វិញ។
លោកថា ស្ថានភាពនៃជំងឺកូវីដ១៩ ក្នុងទីក្រុង Los Angeles នៅតែបន្តយ៉ាប់យ៉ឺន ខណៈដែលកន្លែងផ្តល់សេវាសុខភាព ដូចជាមន្ទីរពេទ្យកំពុងស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសគឺមានការណែនាំពីមន្ត្រីក្នុងតំបន់ ឲ្យការរៀបចំកម្មវិធីនេះធ្វើការលើកពេល ទើបមានសេចក្តីសម្រេចដូច្នេះ។
គួរជម្រាបថា ទីក្រុង Los Angeles កំពុងតែប្រឈមជាមួយនឹងការកើនឡើងនៃករណីស្លាប់ ដោយសារកូវីដ១៩ ខណៈករណីកន្លែងហាត់ប្រាណ ហាង និងភោជនីយដ្ឋាននានា ត្រូវបានបិទទ្វារ និងបន្តអនុវត្តន៍ការឃុំខ្លួននៅផ្ទះ តាមដែលអាចធ្វើទៅបាន ដើម្បីការពារការឆ្លងកូវីដ១៩៕