(ប៉េកាំង)៖ អ្នកចាត់ការទូទៅ Slaven Bilic ត្រូវបានក្លិប Beijing Guoan ដែលស្ថិតក្នុងលីគកំពូលចិន Chinese-Super League បានតែងតាំងឲ្យដឹកនាំក្រុមនេះរយៈពេល ២ឆ្នាំ បន្ទាប់ពីអត់ការងារធ្វើរយៈពេល ៣សប្តាហ៍មកហើយ។

បុរសសញ្ជាតិក្រូអាតខាងលើនេះ ត្រូវបានក្លិបលេងនៅ Premier League, West Bromwich Albion ប្រកាសបញ្ចប់មុខតំណែងកាលពីពេលថ្មីៗនេះ។

បុរសវ័យ ៥២ឆ្នាំ សញ្ជាតិក្រូអាត Bilic បានយល់ព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លិបចិន Beijing Guoan ដែលចូលទៅជំនួសកន្លែងអ្នកចាត់ការទូទៅសញ្ជាតិបារាំង លោក Bruno Genesio ដែល Beijing Guoan បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ដោយមាន Jiangsu Suning ជាម្ចាស់ជើងឯក ដែលប្រកួតត្រឹមតែ ២០ប្រកួតប៉ុណ្ណោះ ក្នុងអំឡុងវិបត្តិជំងឹ COVID-19។

Beijing ជាក្លិបទី៧ របស់អ្នកចាត់ទូទៅ Bilic ដឹកនាំបន្ទាប់ពីក្លិប Hajduk Split, Lokomotiv Moscow, Besiktas, West Ham, Al lttihad និងឈរជើងបានតែ ១៨ខែប៉ុណ្ណោះពីការដឹកនាំ West Brom។

លីគកំពូលចិន Chinese-Super League ឆ្នាំ២០២១ រដូវកាលថ្មីនេះ នឹងចាប់ផ្តើមក្នុងលក្ខខណការពារសុវត្ថិភាពខ្ពស់ចំពោះមេរោគ COVID-19៕