(ភ្នំពេញ)៖ អាជ្ញាធរ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចផ្អាកអាជីវកម្មហាងធ្វើសក់ របស់តារាចម្រៀងខ្មែរ គឺអ្នកនាង វេង សូដានី ជាបណ្ដោះអាសន្ន ព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ស្របពេលអាជីវកម្ម ហាងទំនិញ និងកន្លែងបំរើសេវាកម្មតូចធំជាច្រើនទៀត ក៏ត្រូវបានប្រកាសផ្អាកជាបណ្ដោះអាសន្នផងដែរ។
អតីតតារាចម្រៀងរបស់កម្ពុជា អ្នកនាង វេង សូដានី បានថ្លែងប្រាប់ Fresh News Plus ពីសហរដ្ឋអាមេរិក តាមរយៈសារអេឡិចត្រូនិចមកថា ដោយសារតែមានការវាយលុក ពីជំងឺកូវីដ១៩ បានធ្វើឲ្យហាងធ្វើសក់របស់នាង ត្រូវបានអាជ្ញាធរអាមេរិក សម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ន និងអនុវត្តតាមវិធានការសុខាភិបាល ពោលគឺនៅតែក្នុងផ្ទះ ផ្អាកការជួបជុំគ្នា និងចេញទៅក្រៅជាដើម ដែលធ្វើឲ្យមានការប៉ះពាល់ច្រើន ដល់ ការងាររកស៊ីរបស់នាង ជាពិសេសប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃក្នុងគ្រួសារ។
អ្នកនាង វេង សូដានី និយាយថា «មកដល់សម័យកូវីដនេះ មានផលប៉ះពាល់ច្រើន ព្រោះនៅទីនេះ (អាមេរិក) គឺគេបិទ គេមិនឲ្យប្រជាជនចេញទៅធ្វើការទេ ជាក់ស្ដែងដូចខ្ញុំអ៊ីចឹង ពេលនេះអត់បានចេញទៅធ្វើការទេ ព្រោះអីខ្ញុំអ្នកធ្វើការខាងធ្វើសក់ ដូច្នេះគេបិទទាំងអស់ គេឲ្យយើងនៅផ្ទះមួយរយៈសិន..! និយាយទៅគឺអាជ្ញាធរអាមេរិក ឲ្យផ្អាកសកម្មភាពទាំងអស់តែម្ដង..»។
អស់រយៈកាលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង និងសម្ដែងអ្នកនាង វេង សូដានី បានបោះបង់ការងារជាអ្នកកាន់ក្បាលមេក្រូលើឆាកតន្រ្តី ហើយបានសម្រេចចិត្តហោះចោលចេញពីទឹកដីកំណើត ទៅរស់នៅលើដែនដីសម្បូរដុល្លារ គឺសហរដ្ឋអាមេរិក និងស្រវាបើករបររកស៊ីថ្មី ដោយបានចាប់ជំនាញជាអ្នកធ្វើសក់នៅទីនោះ ខណៈស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខបាត់ទៅ ហើយ។ កាលពីមិនទាន់មានជំងឺកូវីដ១៩ វាយលុកចូលមកកាន់ពិភពលោក ក៏ដូចជានៅអាមេរិក គេបានឃើញតារាខ្មែរមួយចំនួន មានឱកាសបាន ចេញទៅសម្ដែងនៅទីនោះ ហើយក៏បានជួបប្រាស្រ័យទាក់ទងគ្នា ជាមួយតារាចម្រៀង វេង សូដានី និងក៏បានសម្ដែងលើឆាកជាមួយគ្នា ប្រកបដោយភាពជិតស្និទ្ធក្នុងនាមខ្មែររួមឈាមតែមួយ ដោយក្ដីនឹករឭក។
មិនតែប៉ុណ្ណោះ អតីតតារាចម្រៀង វេង សូដានី ក៏បានធ្វើដំណើរទៅច្រៀង និងសម្ដែង នៅលើដែនដីនៃប្រទេសអូស្ត្រាលី ចំនួន២លើក រួចមកហើយដែរ ដើម្បីឲ្យបងប្អូនខ្មែររស់នៅទីនោះ បានទស្សនាកម្សាន្ត និងរាំលេងសប្បាយ ជាមួយរូបនាង និងតារាខ្មែរមួយចំនួនទៀត ដែលបានធ្វើដំណើរពីប្រទេសកម្ពុជាទៅ។
អស់រយៈពេលជាង១០ មកហើយ ដែលអ្នកនាងបានសម្រេចចិត្តបោះបង់ការងារសិល្បៈ និងបានទៅរស់នៅរកស៊ីនៅសហរដ្ឋអាមេរិក ជាមួយគ្រួសារ ដោយការប្រកបមុខរបរនៅទីនោះ គឺបើកហាងផាត់មុខ ធ្វើសក់ និងធ្វើក្រចកជាដើម។ ជាមួយគ្នានោះ អ្នកនាងក៏ឆ្លៀតចេញសម្ដែងម្ដងម្កាល ពេលដែលបងប្អូនខ្មែរនៅទីនោះអញ្ជើញ ឬពេលមានកម្មវិធីបុណ្យជាតិប្រពៃណីខ្មែរម្ដងៗ។
អ្នកនាង វេង សូដានី ថ្លែងថា «និយាយទៅការងារសិល្បៈ ដែលខ្ញុំមិនបានសម្ដែង ឬច្រៀងហ្នឹង គឺមានរយៈពេលជាង១០ឆ្នាំមកហើយ ព្រោះអីខ្ញុំជាប់រវល់ការងារច្រើននៅទីនេះ (អាមេរិក) ខ្ញុំអត់បានថតអត់បានអី ដូចកាលយើងរស់នៅស្រុកខ្មែរទេ..!។ តែមានពេលខ្លះ មានអ្នកសិល្បៈមកពីស្រុកខ្មែរ ហើយគេអញ្ជើញខ្ញុំឲ្យទៅសម្ដែង ឬច្រៀងជាមួយ គឺមានខ្លះដែរ ព្រោះអ្នកចម្រៀងមកពីស្រុកខ្មែរ សុទ្ធតែអ្នកស្គាល់គ្នា...!»។
សូមបញ្ជាក់ថា តារាចម្រៀង វេង សូដានី គឺជាអ្នកសិល្បៈល្បីមួយរូបមានស្នាដៃជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការថតកម្មវិធីផ្សេងៗជូនដល់ស្ថានីយទូរទស្សន៍ជាតិ, ទូរទស្សន៍ប៉ុស្ដិ៍លេខ៩, សម្ដែងភាពយន្តឲ្យផលិតករ ពាន់ ភួងបុប្ផា, ថតបង្ហាញម៉ូដតាមរយៈក្រុមហ៊ុនផ្សេងៗ និងថតបទចម្រៀងឲ្យផលិតកម្មក្រៅស្រុកជាដើម៕