(ភ្នំពេញ)៖ ធនាគារ ហត្ថា បានចុះអនុស្សរណៈ (MoU) ជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ដើម្បីផ្តល់សេវាឥណទានកសិកម្ម គាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅការិយាល័យធនាគារ ហត្ថា ក្រោមការចូលរួមពីលោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ស្ថាប័នទាំងពីរជាច្រើនរូបទៀត។

លោកឧញ៉ា ហួត អៀងតុង ឲ្យដឹងថា «ក្នុងនាមជាធនាគារដែលតែងតែផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ កិច្ចសហការនេះជាសក្ខីភាពថ្មីមួយទៀត ដើម្បីបង្ហាញពីការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីជំរុញប្រជាកសិករកម្ពុជា បង្កើនលទ្ធភាព, សមត្ថភាព, បច្ចេកទេស, ចំណេះដឹង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការដាំដុះ និងប្រមូលកសិផល សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសជំរុញឲ្យមានការទទួលស្គាល់ គុណភាពផលិតផលរបស់ប្រជាកសិករ លើឆាកអន្តរជាតិ»

លោកបន្ថែមថា ការបង្កើនការនាំចេញទៅក្រៅប្រទេស មិនត្រឹមតែបង្កើនចំណូលមួយមុខនោះទេ តែអាចបង្កើនការងារ កាត់បន្ថយការចំណាកស្រុក និងផ្តល់ចំណូលទៀងទាត់ ជូនបងប្អូនប្រជាកសិករ ដើម្បីលើកកម្ពស់កម្រិតជីវភាពផងដែរ កត្តាទាំងនេះហើយដែរធ្វើឲ្យប្រទេសជាតិកម្ពុជា ឆ្ពោះទៅរកភាពរុងរឿងឥតឈប់ឈរ។

លោក ហួរ ស្រេង បានឲ្យដឹងថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចាប់ដៃសហការគ្នានេះ នឹងរួមចំណែកយ៉ាងច្រើន សម្រាប់ជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ហើយប្រជាកសិករកម្ពុជា នឹងទទួលបាននូវថវិកា ក៏ដូចជាដើមទុនគ្រប់គ្រាន់ ក្នុងការពង្រីកការដាំដុះ ជាមួយបច្ចេកទេសដាំបន្លែបង្ការ ឬចិញ្ចឹមសត្វស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ ដែលជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែធូរធារ។

លោកបន្ថែមថា ទាំងធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន សុទ្ធតែចាប់ផ្តើមដំបូងជាអង្គការក្រៅរដ្ឋាភិបាល និងទោះបីជាឥលូវបានប្រែក្លាយជាស្ថាប័នឯកជន ប៉ុន្តែស្មារតីលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាវឌ្ឍនភាពសង្គមជាតិនៅតែប្រកាន់ខ្ជាប់ សម្រាប់ស្ថាប័នយើងជាដរាបតទៅ៕