(មីឡាន)៖ Juventus បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ក្នុងលីគរបស់ AC Milan បានហើយត្រឹមសប្តាហ៍ទី១៦ តាមរយៈយកឈ្នះ ៣-១ នៅ Serie A នារាត្រីថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

កីឡាករ Federico Chiesa ដែលទើបត្រូវបានក្រុមការពារតំណែងជើងឯក Juventus នាំចូលនារដូវកាលនេះ រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៨ និងនាទី៦២ ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Paulo Dybala មុនពេល McKennie ធ្វើសម្រេចគ្រាប់ទី៣ នៅនាទី៧៦ នៅពេលដែល Calabria រកបានតែ ១គ្រាប់ឲ្យក្រុមម្ចាស់ AC Milan នៅនាទី៤១ ក្នុងកីឡដ្ឋាន San Siro។

តែយ៉ាងណា AC Milan នៅតែបន្តឈរនៅកំពូលតារាង Serie A ដដែលដោយមាន ៣៧ពិន្ទុ នៅពេលក្រុមលេខ២ Inter Milan ដែលមាន ៣៦ពិន្ទុបានចាញ់ម្ចាស់ផ្ទះ Sampdoria ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃពុធផងដែរ នៅពេល Juventus រំកិលមកឈរលេខ៤ វិញដោយចាញ់ក្រុមកំពូលតារាងមកនៅត្រឹម ៧ពិន្ទុវិញ។

ក្រុមសេះបង្កង់ Juventus បានកំពុងសំឡឹងរកការឈ្នះពាន Serie A លើកទី១០ ជាប់ៗគ្នា ដែលបច្ចុប្បន្នក្រុមសេះបង្កង់មួយនេះស្ថិតក្រោមការបង្វឹករបស់លោក Andrea Pirlo៕