(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះ បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីបន្ដប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី៤ ត្រៀមចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ឬ AFC U19 Championship Uzbekistan 2020 នៅប្រទេសអូបេគីស្ថាន ស្របពេលព្រឹត្តិការណ៍នេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រកាសពន្យារពេលជាលើកទី២ កាលពីថ្មីៗ។

ចំពោះសមាសភាពកីឡាករដែលត្រូវឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពដំណាក់កាលទី៤ ដើម្បីឈានទៅសម្រិតសម្រាំងបញ្ជីឈ្មោះកីឡាករចុងក្រោយ ត្រៀមប្រកួតពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីខាងលើ គឺមិនសូវមានការប្រែប្រួលខ្លាំងនោះទេ ដោយគ្រូបង្វឹកលោក Koji Gyotoko បានរក្សាកីឡាករចំនួន ៣៤នាក់ សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារបញ្ហាកូវីដ-១៩ មុនរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាកាលពីសប្ដាហ៍មុន។

យ៉ាងណាមិញការប្រកួតពានរង្វាន់ AFC U19 Championship Uzbekistan 2020 ដែលគ្រោងរៀបចំតាំងពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ រហូតឈានដល់ការពន្យារពេលលើកទី១ ដោយគ្រោងរៀបចំនៅថ្ងៃទី០៣-២០ ខែមីនា ឆ្នាំ២០២១ ខាងមុខ នៅតែមិនទាន់អាចដំណើរការប្រកួតបាននោះទេ ដោយសារការព្រួយបារម្ភការរីករាលដាលជំងឺកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏សម្រេចពន្យារពេលការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយម្ដងទៀត គ្រាដែលកាលបរិច្ឆេទថ្មី AFC នៅមិនទាន់កំណត់នោះទេ។

គួរបញ្ជាក់ថា ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាខកខានចូលរួមអស់រយៈពេល ៤៥ឆ្នាំនេះ ក្រុមគោព្រៃជំទង់កម្ពុជាបានបែងចែកកម្មវិធីហ្វឹកហាត់ជាច្រើនដំណាក់កាល ដោយផ្ដើមពីការកោះហៅកីឡាករជាង ៤០នាក់ រហូតចម្រាញ់សល់ ៣៤នាក់ ដើម្បីបន្ដធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី៤ នាពេលឆាប់ៗខាងមុខ។ ចំពោះការប្រកួតពានរង្វាន់ AFC U-19 Championship Uzbekistan 2020 នេះដែរ ក្រុម U19 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៉ីរ៉ង់៕