(អាមេរិក)៖ Dr Dre ដែលគេស្គាល់ថា ជាតារាចម្រៀងរ៉េបជើងចាស់ល្បីឈ្មោះរបស់អាមេរិក និងជាតារារ៉េបមានប្រាក់ច្រើនជាងគេបំផុតទី២ នៅសហរដ្ឋអាមេរិកនោះ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ត្រូវបានគេរាយការណ៍មកថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញថា មានជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

បើតាម TMZ បានឲ្យដឹងថា «លោក Dre បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល និងត្រូវបានបញ្ចូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Los Angeles ខណៈបច្ចុប្បន្នក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ព្យាបាលតារាវ័យ ៥៥ឆ្នាំរូបនេះ។

ទោះបីជាកំពុងស្ថិតក្នុងមន្ទីរពេទ្យក្តី តែតារារ៉េប Dre បានបង្ហោះសារថ្លែងអំណរគុណ តាមរយៈ Instagram ផ្ទាល់ខ្លួន ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ សម្រាប់ការជូនពរ ជាមួយនឹងដំណឹងថា បច្ចុប្បន្នលោកមិនមានអ្វីធ្ងន់ធ្ងរទេ ក្រោយពីបានទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ និងសង្ឃឹមថា រូបលោកបានត្រឡប់ទៅផ្ទះឆាប់ៗវិញ»

គួរជម្រាបថា កំពូលតារារ៉េប Dr Dre មានឈ្មោះពិតថា Andre Young។ គិតត្រឹមឆ្នាំ២០១៩ លោកមានប្រាក់ ៨០០លានដុល្លារអាមេរិក និងក្លាយជាតារារ៉េបអាមេរិក ដែលមានប្រាក់ច្រើនជាគេបំផុត លំដាប់ទី០២ ក្នុងចំណោមតារារ៉េបល្បីៗទាំងអស់ បន្ទាប់ពីតារារ៉េប Jay-Z ដែលមានប្រាក់ ១ពាន់លានដុល្លារ។ តារារ៉េបជើងចាស់ Dr Dre ក៏ធ្លាប់ឈ្នះពានរង្វាន់ Grammys ចំនួន ៦ផងដែរ៕