(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក៏ដូចជាការបើកភ្លើងខៀវឲ្យសហព័ន្ធកីឡាជាតិ ចាប់ផ្ដើមសកម្មភាពកីឡាជាជំហានៗឡើងវិញ សហព័ន្ធបានចាប់ផ្ដើមរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ របស់ខ្លួនជាបណ្ដើរៗហើយ ក្រោយពន្យារពេលជាច្រើនលើក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
មកទល់ពេលនេះ គេឃើញមានសហព័ន្ធខ្លះ បាននឹងកំពុងរៀបចំការប្រកួត ដូចជាកីឡាអុកចត្រង្គជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺបានប្រកួតពីថ្ងៃទី០៤-០៧ ខែមករានេះ និងកីឡាឡើងភ្នំជើងឯកជាតិ ដែលប្រកួតកាលពីថ្ងៃទី០៤-០៦ ខែមករាម្សិលមិញ។ រីឯសហព័ន្ធខ្លះទៀត ក៏បានកំណត់កាលបរិច្ឆេទប្រកួតឡើងវិញរួចរាល់ដែរ រួមមានការប្រកួតសីដក់ជើងឯកជាតិ គ្រោងប្រកួតនៅថ្ងៃទី០៨-០៩ ខែមករា និងកីឡារាំ គ្រោងប្រកួតនៅថ្ងៃទី១០ ខែមករា នៅពហុកីឡដ្ឋានជាតិដូចគ្នា គ្រាដែលកីឡាទោចក្រយាន គ្រោងប្រកួតពីថ្ងៃទី២២-២៤ ខែមករា នៅខេត្តសៀមរាប។
ទន្ទឹមជាមួយគ្នា ក៏មានសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលពុំអាចរៀបចំការប្រកួតថ្នាក់ជាតិ តាមការកំណត់ កាលពីចុងឆ្នាំ២០២០ ហើយគ្រោងរៀបចំការប្រកួតនៅដើមឆ្នាំ២០២១ នេះដែរ ក្នុងនោះមានដូចជាកីឡាប្រដាល់គុនខ្មែរ, ប្រដាល់សកល, គុនល្បុក្កតោ, ចំបាប់, តុងហ្គីលម៉ូដូ, ទូកក្ដោង, ទ្រីយ៉ាត្លុង, បាញ់កាំភ្លើង, វ៉ូវីណាម, វ៉ូស៊ូ, វាយកូនហ្គោល, វាយកូនបាល់, ទូកកានូ និងរ៉ូអ៊ីង, ស៊ូរិនហ្ស៊ីកាំប៉ូ, គុនដាវ, កាយសម្ព័ន្ធ, ជិះសេះ, បាល់បោះ, បាល់ទះ, ម៉ូតូទឹក និងកីឡាសិស្ស-និស្សិតជាដើម។
យ៉ាងណាមិញតំណាងសហព័ន្ធកីឡាជាតិនីមួយៗ ពិសេសសហព័ន្ធកីឡា ដែលមានឈ្មោះត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ធ្លាប់បានប្រកាសនូវជំហរយ៉ាងមុតមាំក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឡើងវិញ ដ្បិតនេះជាការប្រកួតមួយដ៏សំខាន់ ដើម្បីសម្រិតសម្រាំងរកកីឡាករ-កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងខាងលើ ក៏ដូចជាការសម្រួចគុណផលកីឡាកម្រិតខ្ពស់ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាផងដែរ៕