(ក្រុងឡុងដ៍)៖ ប្រភពព័ត៌មានពីប្រទេសតួកគីចេញផ្សាយថា កីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil បានព្រមព្រៀងចុះសន្យាលេងឲ្យក្លិប Fenerbahce រយៈពេល ៣ឆ្នាំ ក្រោយពេលកិច្ចសន្យាចាស់ជាមួយកាំភ្លើងធំ Arsenal នឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
កីឡាករវ័យ ៣២ឆ្នាំ Ozil មានប្រាក់ពលកម្ម ៣៥ម៉ឺនផោនក្នុង ១សប្តាហ៍ច្រើនជាងគេនៅ Arsenal ក្រោមកិច្ចសន្យា ៦ឆ្នាំនៅទឹកដី Emirates ក្រោយចាកចេញពីក្លិបអេស្ប៉ាញ Real Madrid ដោយកំពុងផ្សាភ្ជាប់ផ្ទេរទៅក្លិប DC United របស់អាមេរិកផងដែរ។
លោក Dr Erkut Sogut ដែលជាភ្នាក់ងារដោះដូរកីឡាករ Mesut Ozil បានថ្លែងប្រាប់ Express ថា អនាគតថ្មីរបស់ Ozil នឹងត្រូវបញ្ជាក់ច្បាស់ក្នុងរយៈពេល ៧ទៅ១០ថ្ងៃទៀតប៉ុណ្ណោះ នៅពេលដែលក្លិប Fenerbahce ដែលលេងក្នុងលីគកំពូលតួកគីបានព្រមព្រៀងលើតម្លៃពលកម្មរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់ ដើមកំណើតតួកគីហើយនោះ។
Ozil មិនទាន់ត្រូវដាក់ឲ្យចូលលេងបានប្រកួតណាមួយនៅឡើយទេនារដូវកាលនេះ ហើយរូបគេបានអង្គុយនៅកៅអីបម្រុងតាំងពីមុន Covid-19 ផ្ទុះឡើងខ្លាំងមុនខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ លើសពីនេះទៀត អតីតសមាជិកដែលជួយឲ្យក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 មិនស្ថិតក្នុងចំណោមកីឡាករទាំង ២៥នាក់របស់អ្នកចាត់ការទូទៅ Mikel Arteta ទាំងការប្រកួតនៅ Premier League និង UEFA Europa League រដូវកាលនេះទៀត៕