(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Liverpool បានថ្លែងថា ក្លិបនឹងមិនចាំបាច់ទិញការពារបន្ថែមទៀតនោះទេ ក៏ព្រោះតែក្លិបជួបវិបត្តិហិរញ្ញវត្ថុ ដោយសារជំងឺរាតត្បាត Covid-19។
ខ្សែការពារសំខាន់ៗមានដូចជា Virgil van Dijk និង Joe Gomez បានកំពុងមានបញ្ហាធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលរយៈពេលយូរ នៅពេល Joel Matip ក៏ញាំញីដោយបញ្ហារបួសជាច្រើនផងដែរ គិតចាប់តាំងពីរូបគេផ្លាស់មកលេងនៅទឹកដី Anfield ក្នុងឆ្នាំ២០១៦ មក។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានថ្លែងប្រាប់ BBC ថា «យើងមិននាំចូលខ្សែការពារ ជាពិសេសតំបន់កណ្តាលក្នុងខែមករានេះទេ ក៏ព្រោះតែក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុ។ មិនប្រាកដថា គ្រប់ក្លិបទាំងអស់ជួបរឿងដូចគ្នានេះទេ»។
តែយ៉ាងណា ហង្សក្រហម Liverpool នៅតែបន្តគ្រប់គ្រងតំណែងកំពូលតារាងនៅ Premier League ដោយមាន ៣៣ពិន្ទុស្មើក្រុមលេខ២ Manchester United គិតត្រឹម ១៧សប្តាហ៍មកនេះ ដែលពួកគេអាចរកបានតែ ២ពិន្ទុប៉ុណ្ណោះពី ៣ប្រកួតចុងក្រោយក្នុងលីគនាពេលថ្មីៗនេះ។
Liverpool ត្រូវប៉ះក្រុម Aston Villa ក្នុងជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup នារាត្រីថ្ងៃសុក្រនេះ គ្រាដែលគូប្រជែង Villa កំពុងតេស្តវិជ្ជមាននៃជំងឺ Covid-19 ច្រើននាក់ទាំងកីឡាករ និងបុគ្គលិកក្លិប៕