(ភ្នំពេញ)៖ ក្រោមគោលនយោបាយកំណត់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ បានធ្វើឱ្យខេត្តភាគនរតី ជាប់ឆ្នេរសមុទ្ររបស់កម្ពុជាមួយនេះ ប្រែក្លាយទៅជាកន្លែងទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសកាន់តែច្រើន ជាពិសេសអ្នកវិនិយោគចិនតែម្តង។ មិនត្រឹមតែគោលដៅវិនិយោគប៉ុណ្ណោះ ព្រះសីហនុ ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក៏បានក្លាយទៅជាកន្លែងដ៏សែនមនោរម្យសម្រាប់ការរស់នៅ ទស្សនាចរ និងសម្រាកលំហែរផងដែរ។

កត្តាទាំងនេះ បានជំរុញឱ្យក្រុងព្រះសីហនុ រីកលូតលាស់យ៉ាងលឿនលើវិស័យសំណង់។ អគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅឋាន បានផុសឡើងយ៉ាងព្រោងព្រាតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

«D’Seaview» អគារខុនដូដ៏ប្រណិតមួយដែលមានបទដ្ឋានបច្ចេកទេស និងការរស់នៅបែបប្រទេសសិង្ហបុរី ត្រូវបានបង្ហាញខ្លួនកណ្តាលក្រុងពាណិជ្ជកម្ម និងទេសចរណ៍ដ៏ទាក់ទាញថ្មីរបស់កម្ពុជាមួយនេះផងដែរ។ «D’Seaview» ជាអគារខុនដូទីមួយរបស់ក្រុមហ៊ុនសិង្ហបុរី ហុង ឡៃ ហ៊ួត គ្រុប លីមីតធិត (HONG LAI HUAT GROUP LIMITED) ក្រោមផ្លាកសញ្ញា «ខាមហូម (CAMHOMES)»។

«D’Seaview» បានចាប់ផ្តើមសាងសង់នៅខែមករា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០១៩។ អគារពាណិជ្ជកម្ម និងលំនៅឋានបទដ្ឋានសិង្ហបុរីមួយនេះ ត្រូវបានសាងសង់លើទំហំផ្ទៃដីជិត ១ម៉ឺនម៉ែត្រការ៉េ មានកំពស់ ២៨ជាន់។ មានបន្ទប់ចំនួន ៧៣៧បន្ទប់ មានទាំងបន្ទប់ស្ទូឌីយូ, បន្ទប់គេង២, បន្ទប់គេង៣ និង Penthouses។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោកបណ្ឌិត Dato Johnny Ong អគ្គនាយកក្រុមហ៊ុន ហុង ឡៃ ហួត បានលើកឡើងថា ការទាក់ទាញបានអ្នកវិនិយោគ និងភាពស្រស់បំព្រងនៃទីក្រុងជាប់សមុទ្រគួរជាទីមនោរម្យសម្រាប់ការរស់នៅ និងលេងកម្សាន្ត ជាមូលហេតុនាំឱ្យក្រុមហ៊ុនរបស់លោកសម្រេចបោះទុនដ៏ច្រើនសន្ធឹកសន្ធាប់សាងសង់ខុនដូនៅក្នុងខេត្តព្រះសីហនុ។

លោកបណ្ឌិត Dato Johnny Ong បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីវិភាគល្អិតល្អន់គ្រប់រាជធានី-ខេត្តហើយ យើងឃើញថា ខេត្តព្រះសីហនុ គឺជាទីតាំងល្អបំផុត សម្រាប់គម្រោងរបស់យើង។ ខេត្តនេះមានអ្នកស្គាល់ច្រើន ហើយភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ តែងតែកើនឡើងរហូត ដោយសារតែមានធនធានល្អ ហើយប្រជាជននៅក្នុងខេត្តនេះ ក៏រាក់ទាក់ផងដែរ។ វិនិយោគិនថ្មីៗចូលចិត្តមកទីនេះ ព្រោះវាមានទេសភាពសមុទ្រពីធម្មជាតិ និងកោះថ្មីៗជាច្រើន។ ម្យ៉ាងវិញទៀតខេត្តព្រះសីហនុ ក៏ផ្តល់ភាពងាយស្រួលផងដែរ ក្នុងការទាក់ទាញយុវជនកម្ពុជាជំនាន់ថ្មី ឲ្យមកទស្សនាកម្សាន្ត ហើយស្នាក់នៅទីនេះ»

អគារខុនដូ «D’Seaview» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងស្នាក់នៅ និងរកស៊ីក្នុងខេត្តព្រះសីហនុ។ ការគាំទ្រខ្លាំង ដោយសារតែអគារខុនដូនេះ ជាអគារដែលបានសាងសង់ឡើងដោយប្រើបទដ្ឋានបច្ចេកទេសដូចទៅនឹងអគារខុនដូក្នុងប្រទេសិង្ហបុរី ធានាដល់គុណភាពអគារ និងមានផាសុខភាពខ្ពស់ក្នុងការស្នាក់នៅ។

«ការរចនារបស់យើងចេញពីប្រទេសសិង្ហបុរី ដែលផ្តោតសំខាន់លើកត្តាសុវត្ថិភាព និងការរចនាស្ថាបត្យកម្មតុបតែងខាងក្នុង។ ទាំងនេះដោយសារតែយើងបានជួលអ្នកពិគ្រោះយោបល់ជនជាតិសឹង្ហបូរីឲ្យមកទីនេះ ដែលធ្វើឲ្យប្រជាជនក្នុងស្រុក និងយុវជនជំនាន់ក្រោយ ទទួលយកគំរូផ្ទះរបស់យើង»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត Dato Johnny Ong។

លោកបណ្ឌិត Dato Johnny Ong បានបន្តថា «ផ្ទះមួយយូនីតៗ មិនសូវជាធំប៉ុន្មានទេ ប៉ុន្តែប្រជាជនភាគច្រើ មានលទ្ធភាពទិញវា។ យើងជឿជាក់លើការទិញ និងការស្នាក់នៅខុនដូរបស់យើង មានភាពងាយស្រួលក្នុងការចេញ-ចូល ព្រោះពួកគេមានសន្តិសុខ និងសុវត្ថិភាពខ្ពស់។ វាពិតជាងាយស្រួលណាស់ ហើយខ្ញុំជឿថា ពីរបីឆ្នាំទៀត ប្រជាជនក្នុងស្រុក និងបរទេស នឹងមកទីនេះកាន់តែច្រើនឡើងៗ សូម្បីតែឥឡូវនេះយើងក៏ឃើញមានជនបរទេសច្រើនដែរ។ នៅពេលពួកគេធ្វើដំណើរមក ពួកគេនឹងបានឃើញ CamHomes D’Seaview ដែលពួកគេស្នាក់នៅ។ ហើយពួកគេក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ពីព្រោះនៅក្រុងព្រះសីហនុឥឡូវនេះ យើងមាន CamHomes ដែលជាខុនដូផ្តល់ជូនការស្នាក់នៅដ៏ប្រសើរ»

លោកបណ្ឌិត Dato Johnny Ong បន្ថែមថា «គ្រប់គ្នាមិនថាតែប្រជាជនកម្ពុជានោះទេ គឺអាចទៅវិនិយោគ ឬពួកគេអាចទិញក៏បាន ទោះបីជាជនបរទេសក៏ដោយ ព្រោះពួកគេអាចមកស្នាក់នៅទីនេះ និងមានអារម្មណ៍សប្បាយរីករាយ។ បើពួកគេធ្វើការវិនិយោគទីនេះ ពួកគេនឹងទទួលបានភាពប្រសើរឡើង នៅក្នុងការវិនិយោគរបស់ពួកគេ។ បើពួកគេមកស្នាក់នៅទីនេះវិញ គឺពួកគេនឹងទទួលបានសុភមង្គល និងអារម្មណ៍រីករាយ។ ឥឡូវនេះមានជនប្រទេស ក្នុងតំបន់កាន់តែច្រើន កំពុងសម្រុកមកខេត្តព្រះសីហនុ សម្រាប់ឱកាសនេះ»

សម្រាប់ការរស់នៅលើអគារខុនដូខ្ពស់បញ្ហាសន្តិសុខ និងសុវត្ថិភាព គឺបញ្ហាមួយដែលអ្នករស់នៅតែងតែបារម្ភ និងគិតគូរខ្ពស់។ សម្រាប់សំណង់អគារខុនដូ «D’Seaview» ក្រៅតែពីការគិតគូរខ្ពស់ទៅគុណភាព និងផ្តល់នូវផាសុខភាពលើបរិស្ថាននៃការរស់នៅហើយនោះ ក្រុមហ៊ុនក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រព័ន្ធសន្តិសុខ និងសុខសុវត្ថិភាពរបស់អ្នកស្នាក់នៅក្នុងអគារ រួមទាំងបញ្ហាគ្រោះអគ្គិភ័យផងដែរ។

លោក ងួន សីហា អ្នកគ្រប់គ្រងអគារខុនដូ «D’Seaview» បានរៀបរាប់ពីប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពនៅក្នុងអគារយ៉ាងដូច្នេះថា «យើងមានប្រព័ន្ធសន្តិសុខដ៏មានសុវត្ថិភាពមួយសម្រាប់ភ្ញៀវក្នុង និងភ្ញៀវក្រៅ។ ភ្ញៀវដែលគាត់ស្នាក់នៅក្នុងអគារហ្នឹង ឬមួយដែលគាត់ជួលអគារស្នាក់នៅ។ ជាក់ស្តែងនៅកន្លែងចូលក្នុងអគារនៅគ្រប់ទ្វារទាំងអស់ គឺឧបករណ៍សម្រាប់ពិនិត្យទោះភ្ញៀវជួលស្នាក់នៅ ឬម្ចាស់ខុនដូផ្ទាល់ក៏ដោយ»

លោក ងួន សីហា បន្តថា «បើភ្ញៀវស្នាក់នៅជាម្ចាស់បន្ទប់ផ្ទាល់តែម្តងគាត់មានកាតផ្ទាល់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធសន្តិសុខមុនចូលក្នុងអគារ។ អ៊ីចឹងភ្ញៀវទាំងអស់មិនថាភ្ញៀវជាម្ចាស់បន្ទប់ ឬអ្នកជួលទេ គឺគាត់ត្រូវមានកាត ដើម្បីចូលទ្វារបាន។ ជណ្តើរយន្តយើងមានកាតស្កេនដើម្បីទៅតាមជាន់។ ឧទាហរណ៍គាត់នៅជាត់ទី៣ គឺកាត់កំណត់ជាន់ទី៣ឱ្យពួកគាត់ គាត់ស្នាក់នៅជាន់ទី៤ យើងកំណត់ជាន់ទី៤។ គាត់ស្នាក់នៅជាន់ទី៣ ឬជាន់ទី៤ ហើយចង់ឡើងចុះទៅជាន់ផ្សេងឡើងអត់បានទេ»

បើតាមលោក ងួន សីហា សម្រាប់ភ្ញៀវដែលជាមិត្តភក្តិ ឬសាច់ញាតិ ដែលមកលេងម្ចាស់បន្ទប់នីមួយៗ គឺប្រព័ន្ធផ្ទៀងផ្ទាត់នៅតាមបន្ទប់នីមួយៗ ហើយមានតែម្ចាស់បន្ទប់ប៉ុណ្ណោះអាចអនុញ្ញាតឱ្យភ្ញៀវនោះអាចចេញចូលក្នុងអគារបាន។

ពាក់ព័ន្ធការគ្រប់គ្រងអគ្គិភ័យវិញ អ្នគ្រប់គ្រងអគារូបនេះ បានបញ្ជាក់ថា នៅគ្រប់បន្ទប់ គ្រប់ជាន់នៃអគារ សុទ្ធតែត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងបំពាក់ប្រព័ន្ធជូនដំណឹងផងដែរ។ ពោលនៅពេលមានអគ្គិភ័យនៅទីតាំងណាមួយ គឺប្រព័ន្ធផ្តល់ដំណឹងភ្លាមៗដល់អ្នកគ្រប់គ្រងអគារ។

កម្ពុជាប្រទេសដែលធ្លាប់ញ៉ាំញីដោយភ្លើងសង្គ្រាមពីអតីតកាលនោះ សំណង់លំនៅឋានទើបមានបម្រែបម្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ប្រជាពលរដ្ឋធ្លាប់តែរស់នៅតាមផ្ទះឈើ ចាប់ផ្តើមប្តូរមកជាការរស់នៅផ្ទះថ្ម រស់នៅផ្ទះល្វែង ផ្ទះវីឡា ផ្ទះនៅតាមបុរីជាដើម។

សម្រាប់ការរស់នៅក្នុងខុនដូខ្ពស់ៗជារឿងថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលអ្នកខ្លះមិនទាន់សម្របខ្លួនជាមួយការរស់នៅតាមខុនដូនេះនៅឡើយ។ តែសម្រាប់យុវវ័យសម័យថ្មី គ្រួសារដែលស៊ីវិល័យមួយចំនួន ក៏បានចាប់ផ្តើមសម្របខ្លួន និងពេញចិត្តជាមួយជីវិតនៅតាមខុនដូផងដែរ។

ម៉ាទីន អាយុ ២៧ឆ្នាំ ជាយុវជនមួយរូប ដែលបានទិញ និងស្នាក់នៅក្នុងបន្ទប់នៃខុនដូ «D’Seaview»។ ជាយុវជនសម័យថ្មី ចូលចិត្តជីវិតស៊ីវិល័យ ម៉ាទីន ពេញចិត្តនឹងជីវិតដែលរស់នៅតាមខុនដូ ជាងការរស់នៅតាមផ្ទះ។ ម៉ាទីន ថា ការរស់នៅក្នុងខុនដូមានភាពឯកជន ហើយអាចគយគន់ទេសភាពក្នុងទីក្រុង និងអាចប្រើសេវាផ្សេងៗបានងាយស្រួលដូចជាអាងហែលទឹក និងក្លឹបហាត់ប្រាណជាដើម។

ម៉ាទីន បានរៀបរាប់ថា «សម្រាប់ខ្ញុំការរស់នៅក្នុងខុនដូនេះ ជាការរស់នៅក្នុងបរិបទមួយថ្មីដែលយើងអាចមើលឃើញទិដ្ឋភាពទីក្រុងព្រះសីហនុបានច្បាស់ អាចមើលឃើញទេសភាពសមុទ្។រ មួយវិញទៀតយើងអាចប្រើអាងហែលទឹក និងសម្ភារហាត់ដែលខ្ញុំចូលចិត្តហាត់ប្រាណ»

ម៉ាទីន បន្ថែមថា «ការរស់នៅក្នុងខុនដូ ខុសពីការយើងរស់នៅក្នុងផ្ទះធម្មតា ព្រោះយើងមានភាពឯកជនច្រើន និងអាចធ្វើការលំហែច្រើនពីមួយថ្ងៃទៅទៅមួយថ្ងៃ ឬពីមួយខែទៅមួយខែ។ ឧទាហរណ៍ថា បើយើងនឿយហត់ពីការធ្វើការងារ ឬក៏ពីការដើរលេងអីយើងអាចមកសម្រាកបាន ព្រោះនៅក្នុងខុនដូ មានភាពសុខស្រួលជាងការរស់នៅផ្ទះជុំគ្នា មានភាពឯកជនច្រើន»

«D’Seaview» ជាអគារខុនដូ ដែលសាងសង់ឡើងនៅកណ្តាលក្រុងព្រះសីហនុ ជិតមាត់សមុទ្រ ជិតផ្សារទំនើប និងផ្សារក្នុងក្រុងព្រះសីហនុ។ អគារខុនដូ ដែលមានកម្ពស់រហូតដល់ទៅ២៨ជាន់កណ្តាលក្រុងមួយនេះ បង្កលក្ខណៈងាយស្រួលដល់អ្នកស្នាក់នៅទទួលយកខ្យល់ជំនោសមុទ្រ ហើយអាចគយគន់ទេសភាពក្នុងក្រុងផងដែរ។ កាន់តែពិសេសថែមទៀតនោះ អគារខ្ពស់ជាងគេក្នុងក្រុងនាពេលបច្ចុប្បន្នមួយនេះ ជួយឱ្យអ្នកស្នាក់នៅអាចគយគន់ព្រះអាទិត្យនៅពេលរះ និងលិចយ៉ាងច្បាស់។

ទាំងទីតាំងល្អ និងមានការរចនាបទឡើងប្រកបដោយប្រណិតភាពសម្រាប់ការរស់នៅនេះហើយ ជាហេតុនាំឱ្យអ្នកស្នាក់នៅក្នុងអគារខុនដូ «D’Seaview» បង្ហាញការពេញចិត្តជាខ្លាំងជាមួយខុនដូមួយនេះ។

យុវជន ម៉ាទីន បានរៀបរាប់ពីគុណតម្លៃសម្រាប់ការរស់នៅក្នុងអគារខុនដូនេះយ៉ាងដូច្នេះ «ខុនដូ D’Seaview នេះ បើតាមបទពិសោធន៍ការរស់នៅរបស់ខ្ញុំ វាខុសពីខុនដូដទៃព្រោះការចេញចូល គឺមានប្រព័ន្ធសុវត្ថិភាពល្អ យើងត្រូវប្រើប្រាស់សោសម្រាប់ស្កេន ដូច្នេះអ្នកដទៃដែលគាត់ចូលមកទាល់តែមានសោស្កេន ទើបអាចចូលបាន ហើយការប្រើប្រាស់អ្វីផ្សេងៗក្នុងនេះ គឺមានសុវត្ថិភាពច្រើន»

ម៉ាទិន បន្ថែមថា «មួយវិញទៀត បើយើងប្រៀបធៀបទៅនឹងអគារផ្សេងៗឃើញថា នៅនេះវាល្អ វាលក្ខណៈថាជាស្ទាយបែបសិង្ហបុរី ដែលសម្ភារក៏ថ្មី គ្រឿងសង្ហារិមក៏ល្អ ការរចនាបទក៏ស៊ីវិល័យ។ ការរស់នៅ D’Seaview វាល្អ ព្រោះវានៅជិតផ្សារទំនើបព្រីនយើងអាចធ្វើដំណើរត្រឹមមួយនាទីដល់។ យើងនៅជិតសមុទ្រ មួយវិញទៀតបើយើងទៅផ្សារលើ ឬមួយទៅទិញទំនិញអីវិញ គឺយើងប្រើពេល៣នាទីអី គឺយូរបំផុតហើយ។ ហើយនៅពីខាងមុខមានហេដ្ឋារចនាសម្ព័ន្ធដែលគេទើបធ្វើថ្មីល្អមែនទែន»

«D’Seaview» ក្រៅតែពីមានអគារស្នាក់នៅហើយនោះ ក៏មានអគារការិយាល័យ ភោជនីយដ្ឋានជប៉ុន ស្កាយបា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេងលេង និងបរិក្ខារផ្សេងៗជាច្រើនទៀត ដែលផ្តល់ឱ្យការរស់នៅក្នុងអគារនេះកាន់តែមានផាសុកភាព។

ក្រុមហ៊ុន ហុង ឡៃហ៊ួត ដែលជាក្រុមហ៊ុវិនិយោគធំមួយរបស់សិង្ហបុរីនៅកម្ពុជានេះ មិនត្រឹមតែវិនិយោគលើវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានវិនិយោគលើកសិកម្មផងដែរ។ តាំងពីឆ្នាំ២០០៨មក ក្រុមហ៊ុន បានបោះទុនប្រមាណ ១៧០លានដុល្លារអាមេរិកហើយ ដើម្បីវិនិយោគលើអចលនទ្រព្យ និងកសិកម្ម។

ការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃហួត បានជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជាផងដែរ។ លោក ឈុំ សុផុន បុគ្គលិកមួយរូបកំពុងបម្រើការងារនៅខុនដូ «D’Seaview» បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃហួត នៅកម្ពុជា ព្រោះបានរួមចំណែកផ្តល់ការងារដល់រូបលោក និងពលរដ្ឋកម្ពុជាដទៃទៀត។

លោក ឈុំ សុផុន បានលើកឡើងថា «បច្ចុប្បន្ននេះកន្លែងខ្លះគេបិទដោយសារជំងឺកូវីដ១៩ តែក្រុមហ៊ុននេះ គាត់អត់បានបិទទេ គឺគាត់នៅតែបើក ហើយបុគ្គលិកនៅធ្វើការធម្មតា។ ក្រុមហ៊ុនគាត់ល្អ ហើយជួយច្រើនដល់ពលរដ្ឋខ្មែរយើង ដែលគាត់ចង់មានការងារធ្វើ»។

ក្រៅតែពីការសាងសង់ខុនដូនៅក្រុងព្រះសីហនុហើយនោះ បច្ចុប្បន្នក្រុមហ៊ុន ហុង ឡៃហួត កំពុងសាងសង់ខុននៅកណ្តាលរាជធានីភ្នំពេញផងដែរ។

អគ្គនាយកក្រុមហ៊ុន ហុង ឡៃ ហួត លោកបណ្ឌិត Dato Johnny Ong មានសុទិដ្ឋិនិយមថា ខ្លួននឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាកាន់តែទូលាយ ព្រោះលោកបានមើលឃើញនូវសក្តានុពលជាច្រើនលើអាជីវកម្មរបស់លោកនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនរូបនេះ បានគូសបញ្ជាក់ថា «យើងជឿជាក់ថា ក្រុមហ៊ុន HLH នឹងវិនិយោគព្រមទាំងសាងសង់លំនៅឋាន កាន់តែច្រើនឡើងៗ ហើយប្រទេសកម្ពុជា គឺជាទីតាំងដែលយើងកំពុងស្វែងរក។ ប្រជាជនកម្ពុជាជាច្រើននៅក្មេងៗ ហើយចំនួននឹងនៅតែកើនឡើង។ អ្វីដែលយើងកំពុងមើលឃើញនៅក្នុងប្រទេសនេះ គឺរដ្ឋាភិបាលកំពុងខិតខំធ្វើឱ្យប្រសើរឡើង ដោយយុវជនជំនាន់ក្រោយនៅតែបន្តកើនឡើង ហើយលំនៅឋានក្នុងរយៈពេល១០ ឬ ២០ឆ្នាំទៀត នៅតែត្រូវការការបន្តសាងសង់ បូករួមទាំងការបង្កើតរោងចក្រ សម្រាប់នាំចេញផលិតផលកសិកម្ម»