(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានរកឃើញជើងឯកប្រចាំឆ្នាំហើយ ដោយកីឡាករវ័យក្មេង សុខ លឹមហេង បានគ្រងជើងឯក ២ឆ្នាំជាប់គ្នា បន្ទាប់ពីយកឈ្នះអតីតស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ២សម័យ ឈាវ បូរ៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។

នេះគឺជាលើកទី២ ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ហើយឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំមុនរហូតដល់ ៦៤នាក់ សុទ្ធសឹងតែកីឡាករជើងខ្លាំង។ ឆ្លៀតឱកាសនោះ សហព័ន្ធក៏បានរៀបចំឲ្យមានការបែងចែកចំណាត់ថ្នាក់ (Ranking) របស់កីឡាករម្នាក់ៗតាមរយៈការប្រកួតនេះ ដើម្បីងាយស្រួលកំណត់បេក្ខភាពក្រុមជម្រើសជាតិទៀតផង។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតវិញ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៤ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៧ ខែមករា គេឃើញអតីតស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំ២០១៨ សុខ លឹមហេង នៅតែរក្សាភាពខ្លាំង ដោយបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រជួបរាមច្បង ឈាវ បូរ៉ា ហើយបានបន្ដយកឈ្នះអតីតស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ២សម័យនេះ ដើម្បីគ្រងជើងឯកថ្នាក់ជាតិ ២សម័យជាប់គ្នាតែម្ដង។

លោក គ្រួច ចន្ថារិទ្ធ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតឆ្នាំនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗ។ ហេតុនេះ លោករំពឹងថា កីឡាករទទួលបានជយលាភី នីងទទួលបានចំណាត់ថ្នាក់ (Ranking) ទាំងអស់ នឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការប្រកួតអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។

គួរបញ្ជាក់ថា សម្រាប់កីឡាករជយលាភីឆ្នាំនេះ ចំណាត់ថ្នាក់លេខ១ កីឡាករ សុខ លឹមហេង ទទួលបានប្រាក់រង្វាន់ ៣លានរៀល, លេខ២ កីឡាករ ឈាវ បូរ៉ា ទទួលបានប្រាក់រង្វាន់ ២លានរៀល, លេខ៣ កីឡាករ យ៉ាន សុខលាង ទទួលបានប្រាក់រង្វាន់ ១លានរៀល។ ចំណែកកីឡាករឈរចំណាត់ថ្នាក់លេខ៤ ដល់លេខ៦ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តម្នាក់ ៤០ម៉ឺនរៀលផងដែរ៕