(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ៧មករា តេជោសន្ដិភាព លើកទី៥ ដើម្បីអបអរសាទរខួប ៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បានបើកការប្រកួតផ្លូវការនាល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅកីឡដ្ឋានស្ដាតចាស់ ខណៈស្ថាបនិកពានលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព បានសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះវត្តមានក្រុមបរទេសចូលរួមប្រកួតឆ្នាំនេះ។
លោក ជុំ កុសល បានបញ្ជាក់ថា ការប្រកួតពានប្រចាំឆ្នាំនេះ ពិតជាមានអត្ថន័យណាស់ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ហើយឆ្នាំនេះក្រៅពីការប្រកួតដណ្ដើមពានរង្វាន់ ១១នាក់លើទីលាន គណៈកម្មការបច្ចេកទេស ក៏បានរៀបចំពានរង្វាន់ប៉េណាល់ទីបន្ថែម ១ទៀតដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ការប្រកួតលើកនេះគឺមានកីឡាករអន្ដរជាតិ ដូចជាក្រុមចិន កូរ៉េ និងក្រុមចម្រុះជាតិសាសន៍ខ្មែរ ជាមួយជនជាតិអឺរ៉ុប និងអាហ្វ្រិក ក៏បានចូលរួមប្រកួតដែរ។
រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានថ្លែងថា «គោលបំណងរបស់យើង យើងបានបញ្ជាក់ហើយ គឺយើងរៀបចំការប្រកួតឡើង ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ហើយខ្ញុំចំឡែកមួយ ដោយជនជាតិបរទេស គឺគាត់សប្បាយចិត្តចូលរួមប្រកួត ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ។ ជារួមពួកគាត់សប្បាយចិត្តក្នុងការចូលរួម ហើយពួកគាត់បានបញ្ជាក់ឆ្នាំក្រោយៗទៀត ពួកគាត់នឹងបន្ដចូលរួមការប្រកួតនេះទៀត»។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ ឆ្នាំ២០២១ ដំបូងឡើយគ្រោងចាប់ផ្ដើមប្រកួតនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តែដោយសារបញ្ហាកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ទើបប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីថ្មីៗ ទើបគណៈកម្មការរៀបចំសម្រេចយកថ្ងៃទី០៧ ខែមករា គឺជាថ្ងៃបើកការប្រកួតវិញ ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ៕