(តូក្យូ)៖ ពិធីតាំងពិព័រណ៍ភ្លើងគប់ប្រចាំព្រឹត្តិការណ៍កីឡា Olympic និង Paralympic Games នៅទូទាំងទីក្រុងតូក្យូ ប្រទេសជប៉ុនត្រូវបានពន្យារពេល ដោយសារតែស្ថានភាពកាន់តែអាក្រក់ នៃការរីករាលដាលវីរ៉ុស COVID-19។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាលក្រុងតូក្យូបានប្រកាសនៅថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ បានធ្វើឡើង «ដើម្បីកាត់បន្ថយលំហូរមនុស្ស និងការរីករាលដាលបន្ថែមទៀតនៃវីរ៉ុសឆ្លង COVID-19»

ភ្លើងគប់ ត្រូវបានគេដាក់តាំងបង្ហាញ ១៤ទីតាំងរួចមកហើយ គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មក ហើយគ្រោងនឹងតាំងនៅថ្ងៃព្រហស្បតិ៍បន្ថែម់ទៀតក្នុងទីក្រុង Akiruno។ ការតាំងពិពរណ៍ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៩ ខែមករានេះ ជំនួសវិញ។

ពិធីពិពរណ៍ផ្សេងទៀត ក៏អាចនឹងត្រូវពន្យារពេលផងដែរចាប់តាំងពីលោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រកាសដាក់ភាពអាសន្ននៅតំបន់ទីក្រុងតូក្យូ ដើម្បីរឹតបន្តឹងវិធានការ ប្រយុទ្ធប្រឆាំងនឹងការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19។

ការប្រកាសដាក់ភាពអាសន្ននេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ជាមួយនឹងវិធានការជាច្រើន ក្នុងនោះរួមទាំងជំរុញប្រជាជនឲ្យនៅក្នុងផ្ទះ និងបានណែនាំឲ្យភោជនីយដ្ឋាន និងបារនានា ឈប់លក់គ្រឿងស្រវឹង នៅត្រឹមម៉ោង៧យប់ និងបិទហាង នៅម៉ោង ៨យប់ទៀតផង៕