(ស្វាយរៀង)៖ លោក ហង្ស វិចិត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្វាយយា ស្រុកស្វាយជ្រំ តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា នៅទីលានបាល់ទាត់ឃុំស្វាយយា។
លោក ហង្ស វិចិត្រ បានកោតសសើរក្រុមការងាររៀបចំការប្រកួតបាល់ទាត់តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័តនៅថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងបង្ករភាពសប្បាយរីករាយក្រោមឆ័ត្រសុខសន្តិភាពពេញផ្ទៃប្រទេស ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះលោកក៏បានថ្លែងអំណរគុណលោក ឌី វិជ្ជា ដែលតែងតែយកចិត្តទុកដាក់ក្នុងវិស័យកីឡាឱ្យមានការរីកចម្រើននៅក្នុងខេត្តស្វាយរៀង រួមទាំងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់បង្កលក្ខណៈ ងាយស្រួលឱ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានសប្បាយរីករាយក្នុងការទស្សនា ជាក់ស្តែងដូចអ្វីដែលប្រជាពលរដ្ឋបានឃើញនៅថ្ងៃនេះ។
ជាមួយគ្នានេះ លោក ហង្ស វិចិត្រ បានផ្តាំផ្ញើ និងអំពាវនាវដល់យុវជន ព្រមប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាបង្ការការីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា។
លោកបន្តថា បន្ទាប់ពីការប្រកួតជម្រុះ និងចម្រាញ់ក្នុងការប្រកួតទាំង១៨ក្រុម ក្នុងនោះក្រុមបាល់ទាត់ផ្នែកនារីមាន២ក្រុម ហើយថ្ងៃនេះជាវគ្គផ្តាច់ព្រ័តបានរកឃើញអ្នកទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣ ហើយទទួលបានការឧត្ថម្ភពីលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា រួមមាន៖
*ជ័យលាភីលេខ១ បានទៅលើក្រុមបាល់ទាត់យុវជនស្រុកស្វាយទាប ទទួលបានពាន១ និងថវិកា៥លានរៀល
*ជ័យលាភីលេខ២ បានទៅលើក្រុមបាល់ទាត់យុវជនឃុំស្វាយយា ទទួលបានថវិកា ៣លានរៀល
*ជ័យលាភីលេខ៣ បានទៅលើក្រុមបាល់ទាត់យុវជនគ្រួសារកីឡា មកពីស្រុកកំពង់ត្របែកខេត្តព្រៃវែង ទទួលបានថវិកា១លានរៀល។
ដោយក្រុមបាល់ទាត់នារីប្រកួតមិត្តភាព ទទួលបានថវិកាឧបត្ថម្ភពីលោក ហង្ស វិចិត្រ និងលោកស្រីក្នុងមួយក្រុមទទួលបាន ៤០ម៉ឺនរៀល ផងដែរ៕