(ភ្នំពេញ)៖ ខ្សែបម្រើ-ប្រយុទ្ធស្នូលរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម បានបង្ហើបថា ក្រុមខ្លួនបានត្រៀមបង្ហាញនូវអ្វីដែលថ្មី និងប្លែកជាងឆ្នាំមុនៗ ដល់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងការប្រកួតរដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ។
កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងសម្រុកហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់លោក Conor Nestor ដើម្បីរៀបចំប្រព័ន្ធលេងដ៏ល្អមួយ សម្រាប់ត្រៀមរដូវកាលថ្មី ពិសេសត្រៀមប្រកួតប្រជែងជាមួយគូប្រកួតរបស់ខ្លួន។
អតីតសមាជិកក្លិបលីគកំពូលម៉ាឡេស៊ី Negeri Sembilan FA ខាងលើបន្ដថា «យើងបានរៀបចំប្រព័ន្ធលេងមួយ ដែលយើងគិតថា ខ្លាំងសម្រាប់ខ្លួន ក៏ដូចជាគូប្រកួត ដែលយើងត្រូវលេងជាមួយ ។ អ៊ីចឹងខ្ញុំគិតថា ការប្រមូលផ្ដុំហ្វឹកហាត់ពេលនេះ គឺមានការរៀបចំបានល្អ ដើម្បីត្រៀមនូវប្រព័ន្ធលេងដែលយើងចង់បាន និងត្រៀមជាមួយគូប្រកួតរបស់យើងទៀត»។
ពាក់ព័ន្ធនឹងការត្រៀមរដូវកាលថ្មីទៀតសោត ខ្សែបម្រើ-ប្រយុទ្ធវ័យ ២៦ឆ្នាំ ប្រាក់ មុន្នីឧត្តម បានបន្ថែមថា «បើតាមខ្ញុំយល់ឃើញ ពួកយើងបានត្រៀម ដើម្បីបង្ហាញជូនពួកគាត់(អ្នកគាំទ្រ) នូវអ្វីដែលថ្មី ដែលពួកគាត់គិតថា ប្លែកជាងឆ្នាំមុនៗ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ពួកគាត់នឹងចាំការប្រកួតមកដល់ ហើយគាំទ្រនូវអ្វីដែលថ្មី ដែលពួកយើងត្រូវបង្ហាញ»។
គួរបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារបញ្ហាកូវីដ-១៩។ ទន្ទឹមជាមួយគ្នា ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ក៏ត្រៀមបង្ហាញសមាជិកថ្មីម្នាក់ទៀត នៅថ្ងៃទី០៩ ខែមករាស្អែក ដែលជាកីឡាករបរទេស ធ្លាប់មានបទពិសោធលេងនៅក្របខណ្ឌ UEFA Europa League ទៀតផង៕