(អង់គ្លេស)៖ បើតាមការបញ្ជាក់ពី ITV បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងអ្នកមានទេពកោសល្យពិសេសៗ ដ៏មានប្រជាប្រិយភាពរបស់អង់គ្លេស «Britain’s Got Talent» ត្រូវបានសម្រេចពន្យារពេលការផលិត ដោយសារជំងឺរាតត្បាតកូវីដ១៩ នៅតែមានការកើនឡើង ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់ ITV បានលើកឡើងថា កម្មវិធី «Britain’s Got Talent» លើកទី១៥ ត្រូវបានសម្រេចថា នឹងធ្វើការពន្យារពេល ខណៈកន្លងមកគ្រោងផលិតនៅចុងខែមករា ឆ្នាំ២០២១នេះ។ ការពន្យារពេលនេះ គឺជាការអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីធានាបាននូវសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ជាពិសេសសុវត្ថិភាពអ្នកដែលត្រូវនឹងចូលរួមកម្មវិធីនេះតែម្តង។

យ៉ាងណាមិញ សម្រាប់ការបរិច្ឆេទនៃការផលិតកម្មវិធីប្រកួតនេះជាថ្មី នៅមិនទាន់កំណត់នោះទេ ពោលគឺអាស្រ័យលើស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសនេះផ្ទាល់តែប៉ុណ្ណោះ៕