(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានសម្រេចខ្ចីបុលធនាគារចំនួន ១២០លានផោន ដែលស្មើនឹង ១៦៣លានដុល្លារអាមេរិកក្នុងរយៈពេល ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងជួបវិបត្តិជំងឺ Covid-19។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «ពួកគេបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយធនាគារអង់គ្លេសសម្រាប់ហិរញ្ញប្បទានសាជីវកម្មក្នុងអំឡុង Covid-19 និងប្រាក់កម្ចីដែលត្រូវសងវិញនៅខែឧសភា ឆ្នាំ២០២១»។
ក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League គឺជាក្លិបមួយក្នុងចំណោមក្រុមដទៃទៀត ដែលបានស្វាគមន៍អ្នកគាំទ្រមួយចំនួនចូលទស្សនាក្នុងទីលានឡើងវិញនាពេលថ្មីៗនេះ។ តែទោះយ៉ាងណា ការវិលត្រឡប់របស់អ្នកគាំទ្រត្រូវបានបិទបញ្ចប់ជាថ្មីទៀត នៅពេលដែលករណីឆ្លងវីរ៉ុស Covid-19 និងការរឹតត្បិតកាន់តែច្រើនត្រូវបានអនុវត្តន៍នៅអង់គ្លេស។
Arsenal បានកំពុងឈរនៅលេខរៀងទី១១ ក្នុងតារាង Premier League បណ្តោះអាសន្នរដូវកាលនេះ ពីការឆ្លងកាត់បាន ១៧ប្រកួត ដាច់ឆ្ងាយពីក្រុមប្រជែងជើងឯក Liverpool និង Manchester United ដល់ទៅ ១០ពិន្ទុ ដែលអាចជាកត្តាហិរញ្ញវត្ថុផងដែរ៕