(ប៉ារីស)៖ ក្លិបបារាំង Paris Saint-Germain នឹងយកបានកីឡាករខ្សែប្រយុទ្ធ Sergio Aguero ពី Manchester City ដោយមិនអស់ថ្លៃទិញ នៅពេលរូបគេផុតកិច្ចសន្យាជាមួយក្រុមមេឃខៀវនាខែមិថុនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

យោងតាមប្រភពព័ត៌មានពី Mirror បានចេញផ្សាយថា ក្រុមរបស់លោក Mauricio Pochettino បានកំពុងតែអន្ទងចិត្តកីឡាករអន្តរជាតិអាហ្សង់ទីនខាងលើនេះមកលេងនៅទឹកដី Parc des Princes ដើម្បីលេងជុំគ្នាជាមួយ Neymar, Kylian Mbappe, Mauro Icardi និង Angel Di Maria ជាដើម គ្រាដែល Aguero មិនទាន់ព្រមព្រៀងបន្តកិច្ចសន្យាថ្មីនៅ Etihad នៅឡើយទេ។

ជាមួយគ្នានោះ ក្លិបជើងឯកបារាំងមួយនេះ PSG ក៏បានត្រៀមផ្តល់ថ្លៃនឿយហត់ដល់ Aguero ក្នុងរង្វង់ ២៤ម៉ឹនផោនក្នុង ១សប្តាហ៍ផងដែរទៅតាមសំណើរបស់កីឡាករពាក់លេខ១០ នៅ Manchester City មួយនេះទៀតផង។

Sergio Aguero កំពុងកាន់កំណត់ត្រាស៊ុតច្រើនជាងគេនៅ Manchester City មានដល់ទៅ ២៥៦គ្រាប់ គិតចាប់តាំងពីឆ្នាំ២០១១ ក្រោយចាកចេញពីក្លិប Atletico Madrid របស់អេស្ប៉ាញ និងទើបតែបង្ហាញខ្លួនបាន ១៧ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយសារមានបញ្ហារបួស៕