(ក្រុងឡុងដ៍)៖ ក្រុមញញួរធំ West Ham United បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Sebastien Haller ទៅឲ្យក្លិបហូឡង់ Ajax ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនប្រមាណ ២០.២៥លានផោន។

ខ្សែប្រយុទ្ធអន្តរជាតិកូដឌីវ័រ វ័យ ២៦ឆ្នាំខាងលើនេះ ត្រូវបានក្លិបអង់គ្លេស West Ham ទិញពីក្លិប Eintracht Frankfurt របស់អាល្លឺម៉ង់កាលឆ្នាំ២០១៩ ក្នុងតម្លៃ ៤៥លានផោនថ្លៃជាងគេប្រចាំក្លិបញញួរធំមួយនេះ ដែលស៊ុតបញ្ចូលទីបានតែ ១៤គ្រាប់ពីការចូលលេងបាន ៥៤ដងគ្រប់កម្មវិធីប្រកួតក្នុងរយៈពេលជាង ១ឆ្នាំមកនេះ។

Haller ជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេមួយរូបក្នុងក្លិប West Ham ដែលត្រូវបាននាំចូលដោយអតីតអ្នកចាត់ការទូទៅ Manuel Pellegrini ជាមួយនឹងទម្រង់ហាក់ដូចជាមិនសមនឹងតម្លៃខ្លួនទាល់តែសោះ។

មួយវិញទៀត អ្នកចាត់ការថ្មី លោក David Moyes ដែលបានចូលកាន់តំណែងកាលខែធ្នូ ឆ្នាំ២០១៩ មកនោះ មិនសូវជាប្រើប្រាស់កីឡាករខ្សែប្រយុទ្ធ Sebastien Haller នេះឡើយ ដោយជំនួសមកវិញខ្សែប្រយុទ្ធ Josh King ដែលមានវ័យ ២៨ឆ្នាំទៅវិញ៕