(ភ្នំពេញ)៖ ក្រុមជើងឯកបឹងកេតអែហ្វស៊ី បានប្រកាសបន្ដកិច្ចសន្យាថ្មីដល់កីឡាករបរទេសម្នាក់ទៀតហើយ គឺខ្សែបម្រើជនជាតិជប៉ុន Kenta Yamazaki ដែលត្រូវរួមរស់ ១រដូវកាលទៀតជាមួយក្រុមនាគខៀវ នារដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ។

Kenta គឺជាកីឡាករបរទេសទី៣ ហើយដែលត្រូវបានក្លិបបឹងកេត ប្រកាសបន្ដកិច្ចសន្យា បន្ទាប់ពីមិត្តរួមជាតិខ្សែការពារ Mizuno Hikaru (បន្ដកុងត្រា ១ឆ្នាំ) និងខ្សែការពារសញ្ជាតិកូដឌឺវ័រ Anderson Zogbe (បន្ដកុងត្រា ២ឆ្នាំ) កាលពីពេលថ្មីៗកន្លងទៅ។

ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះបានផ្ទេរមកពីក្លិបថៃ Ubon UTM United មកចូលរួមជាមួយបឹងកេត កាលពីជុំទី២ ឆ្នាំ២០១៩ ហើយឆ្នាំដំបូងរូបគេបានជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ មុនលេងពេញ ១រដូវកាលនៅឆ្នាំ២០២០ កន្លងទៅ ដោយជួយឲ្យក្រុមគ្រងជើងឯកលីគ ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។

យ៉ាងណាមិញ មកទល់ពេលនេះ គេសង្កេតឃើញបឹងកេត នៅមិនទាន់មានការរុះរើកីឡាករគួរឲ្យកត់សម្គាល់នោះទេ ក្រៅពីការបន្ដកុងត្រាកីឡាករចាស់ៗ ពួកគេទើបនាំចូលខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង ដែលផ្ទេរមកពីក្លិបវិសាខា និងការដំឡើងយុវជនកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុណ រ៉េយមិន មកកាន់ក្រុមធំប៉ុណ្ណោះ។

ទន្ទឹមជាមួយគ្នានេះ ក៏មានព័ត៌មានចរចាមអារ៉ាមថា បេក្ខភាពវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2021 នេះ ត្រៀមបន្ដកុងត្រាជាមួយខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Mothusi Gopane នាពេលឆាប់ៗខាងមុខផងដែរ។ រីឯខ្សែប្រយុទ្ធ Dzarma Bata ដែលខ្ចីជើងពីអង្គរថាយហ្គឺរ នៅជុំទី២ ឆ្នាំ២០២០ ហើយរកបាន ១គ្រាប់ចុងក្រោយជួយឲ្យបឹងកេតលើកពាន ក្លិបមិនទាន់ប្រកាសពីការចាកចេញ ឬបន្ដរួមរស់នោះទេ៕