(អង់គ្លេស)៖ លោក Michael Apted ដែលជាផលិតករភាពយន្តជើងចាស់ល្បីឈ្មោះមួយរូប របស់អង់គ្លេសនោះ ត្រូវបានគេរាយការណ៍មកថា បានទទួលមរណភាពហើយ ក្នុងវ័យ៧៩ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន The Guardian នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

ជាការកត់សម្គាល់ លោក Michael Apted ជាផលិតករភាពយន្តមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃភាពយន្តបែបឯកសារល្បីៗជាច្រើន ជាពិសេសលោកក៏ជាអ្នកដឹកនាំរឿង ដែលសម្តែងដោយតារាល្បី James Bond «The World Is Not Enough» ផងដែរ។

ដំណឹងនៃការទទួលមរណភាពរបស់លោក Michael Apted ត្រូវបានបញ្ជាក់ដោយក្រុមការងាររបស់លោក គឺ the Hollywood Reporter ប៉ុន្តែមិនបានបញ្ជាក់លំអិតពីមូលហេតុ នៃការទទួលមរណភាពរបស់លោកឡើយ។

ទន្ទឹមគ្នានេះ តារាល្បីក្នុងវិស័យភាពយន្តហូលីវូដ James Bond ក៏បានបង្ហោះសារ Twitter ផងដែរ ពីការចូលរួមសោកស្តាយ ចំពោះដំណឹងដ៏ក្រៀមក្រំ នៃការទទួលមរណភាពរបស់ផលិតករ Michael Apted។ James Bond បានបន្ថែមថា លោក Michael Apted ជាផលិតករភាពយន្តមួយរូប ដែលតែងតែគោរពស្រឡាញ់អ្នករួមការងារជាមួយលោក។

គួរជម្រាបថា លោក Michael Apted ត្រូវបានគេដឹងថា បានធ្វើជាប្រធានរៀបចំកម្មវិធីពានរង្វាន់អ្នកដឹកនាំរឿង «Guild of America» តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០០៩។ លោកកើតនៅឆ្នាំ ១៩៤១ នៅ Aylesbury, Buckinghamshire មុនពេលផ្លាស់ទៅទីក្រុងឡុងដ៍ ជាមួយឪពុករបស់គាត់ បន្ទាប់ពីសង្គ្រាមលោកលើកទី២៕