(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ បានចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាហើយ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលជាការបោះជំហានលើកដំបូង របស់ឈ្មោះយីហោសណ្ឋាគាររបស់អាមរិក ចូលមកក្នុងទីក្រុងដ៏រស់រវើកបំផុតមួយ ក្នុងចំណោមទីក្រុងដ៏រស់រវើកនានារបស់ទ្វីបអាស៊ី។

ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency) ជាយីហោរបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺ ហៃយ៉ាត់ ហូធែល ខផូរេសិន (Hyatt Hotels Corporation) ឬហៅថា ហៃយ៉ាត់ ហូថែល អ៊ែន រីសត (Hyatt Hotels & Resorts) ដែលមានទីស្នាក់ការកណ្តាលនៅតំបន់ រីវើសាយ ផ្លាហ្សា (Riverside Plaza) ក្នុងទីក្រុងឈីខាហ្គោ (Chicago) នៃរដ្ឋអ៉ីលីនយ (Illinois)។

ក្រុមហ៊ុន Hyatt Hotels Corporation បានចាប់កំណើតឡើងដំបូងនៅពេលសហគ្រិនអាមេរិកគឺលោក ចេ ភ្រីត្សកឺ (Jay Pritzker) បានទិញយកសណ្ឋាគារឈ្មោះថា ហៃយ៉ាត់ ហោស (Hyatt House) នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងឡូសអាន់ជេលែស (Los Angeles) កាលពីឆ្នាំ១៩៥៧ ក្នុងតម្លៃ២.២លានដុល្លារ ពីលោក ហៃយ៉ាត់ រ៉ូបឺត វ៉ុន ដេន (Hyatt Robert von Dehn) និងលោក ជែក ដាយយើ ខ្រោច (Jack Dyer Crouch)។

ចាប់ពីពេលនោះមក លោក Jay Pritzker និងប្អូនប្រុសគឺលោក ដូណាល់ ភ្រីត្សកឺ បានសហការគ្នាដឹកនាំក្រុមហ៊ុន Hyatt Corporation រួមជាមួយអ្នកពាក់ព័ន្ធដទៃទៀតក្នុងជំនួញគ្រួសារត្រកូល Pritzker ហើយពង្រីកវាឲ្យរីកដុះដាលទៅជាក្រុមហ៊ុនផ្នែកគ្រប់គ្រង និងកម្មសិទ្ធិសណ្ឋាគារ-រីសតដ៏ល្បីនិងធំមួយនៅតំបន់អាមេរិកខាងជើង។

ក្រុមហ៊ុន Hyatt Corporation បានក្លាយជាក្រុមហ៊ុនសាធារណៈនៅឆ្នាំ១៩៦២។ នៅឆ្នាំ១៩៦៨ ក្រុមហ៊ុន Hyatt International ក៏ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាបុត្រសម្ព័ន្ធរបស់ Hyatt Corporation ដើម្បីផ្តោតលើទីផ្សារអន្តរជាតិក្រៅពីសហរដ្ឋអាមេរិក ហើយក្រោយមកបានក្លាយជា ក្រុមហ៊ុនសាធារណៈដាច់ដោយឡែកពីគ្នា។ ក្រុមហ៊ុន Hyatt Corporation និងក្រុមហ៊ុន Hyatt International បានក្លាយជាក្រុមហ៊ុនឯកជនវិញនៅឆ្នាំ១៩៧៩ និងឆ្នាំ១៩៨២។ នៅឆ្នាំ២០០៤ Hyatt Corporation និង Hyatt International ត្រូវបានរួមបញ្ចូលគ្នាជាក្រុមហ៊ុនហៅថា Global Hyatt Corporation ហើយនៅឆ្នាំ២០០៩ ក៏ត្រូវបានប្តូរមកជា Hyatt Hotels Corporation។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyatt Hotels Corporation បានបន្តពង្រីកខ្លួនកាន់តែធំថែមទៀត តាមរយៈការអភិវឌ្ឍអចលទ្រព្យថ្មី និងការទិញយក ក្រុមហ៊ុនដទៃ។ ក្រុមហ៊ុន Hyatt Hotels Corporation មានយីហោល្បីៗជាច្រើនដូចជា ហ្រ្គេន ហៃយ៉ាត់ (Park Hyatt), ផាក ហៃយ៉ាត់ (Part Hyatt), ហៃយ៉ាត់ (Hyatt), ហៃយ៉ាត់ ហ្ស៉ីវ៉ា (Hyatt Ziva), ហៃយ៉ាត់ ហ្ស៉ីឡារ៉ា (Hyatt Zilara), ហៃយ៉ាត់ ផ្លេស (Hyatt Place), ហៃយ៉ាត់ ហោស (Hyatt House), ហៃយ៉ាត់ រេស៉ីដិនក្លឹប (Hyatt Residence Club), ហៃយ៉ាត់ សេនត្រិក (Hyatt Centric), និង ហៃយ៉ាត់ រីជិនស៉ី (Hyatt Regency)។ យីហោ Hyatt Regency មានអាយុកាលចំណាស់ជាងគេ ដោយសណ្ឋាគារ Hyatt Regency ដំបូងបំផុត ត្រូវបានបើកដំណើរការនៅទីក្រុង អាថ្លាន់តា (Atlanta) នៃរដ្ឋចចជៀ (Georgie) នៃសហរដ្ឋអាមេរិក តាំងតែពីឆ្នាំ១៩៦៧។

គិតត្រឹមឆ្នាំ២០១៩ ក្រុមហ៊ុន Hyatt Hotels Corporation មានបុគ្គលិកសរុបច្រើនជាង ១០០,០០០នាក់ នៅជុំវិញពិភពលោក ព្រមទាំងសណ្ឋាគារនិងរីសតក៏ដូចជាអចលនទ្រព្យជិត៩០០កន្លែង ក្រោមស្លាកយីហោប្រមាណ២០ខុសៗគ្នារបស់ខ្លួន ក្នុង៦០ប្រទេស៕