(ភ្នំពេញ)៖ នៅឆ្នាំ២០២០កន្លងផុតទៅថ្មីៗនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា នឹងធ្លាក់ចុះក្នុងកម្រិតអវិជ្ជមាន ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យវិស័យធំៗដែលជាសសរស្តម្ភក្នុងទ្រទ្រង់សេដ្ឋកិច្ចរងគ្រោះរួមមាន វិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ និងស្បែងជើង ព្រមទាំងវិស័យសំណង់ និងអចលនទ្រព្យជាដើម។
តើការថមថយនៃវិស័យអចលនទ្រព្យ នឹងអូសបន្លាយដល់ឆ្នាំ២០២១នេះដែរទេ? ហើយតើនៅឆ្នាំ២០២១ គួរវិនិយោគទិញផ្ទះ ខុនដូរ ឬដី ទើបទទួលបានផលចំណេញ? ចម្ងល់ទាំងនេះត្រូវបានលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ចេញមកពន្យល់សម្រាប់វិស័យនេះ ក្នុងឆ្នាំ២០២១។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ បានវាយតម្លៃថា នៅពាក់កណ្ដាលឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងផ្ដើមងើបឡើងវិញ ហើយការងើបឡើងវិញនេះ អាស្រ័យទៅលើការចូលមកវិនិយោគពីវិនិយោគិនបណ្ដាប្រទេសផ្សេងៗ បន្ទាប់ពីការរំពឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
លោកបន្តថា សម្រាប់ឆ្នាំ២០២១នេះ ចំពោះអ្នកដែលមានថវិកាផ្ទាល់ខ្លួនច្រើន ហើយចង់វិនិយោគគួរតែវិនិយោគលើដី, ផ្ទះអាចមានឱកាសចំណេញថវិកាច្រើន ប៉ុន្ដែសម្រាប់ដែលមានថវិកាកម្ចីពីធនាគារ គួរតែវិនិយោគលើការទិញផ្ទះ ដើម្បីជួលបានខ្លះដោយរក្សាលំនឹងនៃចរន្ដសាច់ប្រាក់។
លោកបន្ថែមថា «មុននឹងធ្វើការវិនិយោគ ត្រូវយល់ពីខ្លួនយើងឲ្យច្បាស់លាស់សិនថា លុយរបស់យើងដែលចូលមក វាវិលប្រភេទណា ចំពោះអាជីវកម្មមានកម្រិតត្រឹមណា ហើយនៅពេលដែលយើងយកទៅទិញដី តែស្រាប់លក់អត់ទាន់ដាច់ លក់អត់ចេញ តើយើងអាចមានលុយវិលការប្រាក់ទេ? មានលុយសម្រាប់បង់ឲ្យធនាគាររៀងរាល់ខែដែរទេ? ចំណុចទាំងនេះហើយជារឿងចាំបាច់ និងសំខាន់មុន នឹងធ្វើការវិនិយោគ»។
លោកបន្តទៀតថា «ក្នុងបរិបទឆ្នាំ២០២១ ខ្ញុំលើកទឹកចិត្តឲ្យការវិនិយោគជាលក្ខណៈបុគ្គលអាចទៅទិញដីច្រើន។ ប្រសិនបើមានចរន្តសាច់ប្រាក់ច្រើន ទិញជាផ្ទះ ហើយបើមានលុយជាកញ្ចប់ យើងគួរតែវិនិយោគទៅលើខុនដូ ព្រោះថាខុនដូយើងទិញដោយប្រើជារយៈពេលយូរ ហើយអាចចំណេញ តែក៏ត្រូវយល់ដឹងពីម្ចាស់គម្រោង និងកញ្ចប់គម្រោងឲ្យច្បាស់លាស់ ព្រោះរាល់ការទិញជាកញ្ចប់គម្រោងបែបនេះ ទាមទារឲ្យដឹងពីគុណតម្លៃរបស់អ្នកអភិវឌ្ឍន៍ ដូចជាទិញហើយគម្រោងអត់សាងសង់ គឺពិបាកផងដែរ»។
លោកផ្ដាំផ្ញើដល់អ្នកវិនិយោគទាំងអស់ថា ការវិនិយោគទាំងអស់ គឺអាស្រ័យទៅលើអ្នកវិនិយោគ និងស្ថានភាពរបស់បុគ្គលម្នាក់ៗ សូមកុំធ្វើតាមគេ។ អ្វីដែលជាចំណុចចាប់ផ្ដើម ត្រូវពិគ្រោះជាមួយក្រុមហ៊ុនអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់៕