(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករសញ្ជាតិអៀរឡង់ Paddy Barrett មករួមក្រុមនារដូវកាលថ្មី ឆ្នាំ២០២១ ជាផ្លូវការហើយ គ្រាដែលខ្សែការពារវ័យ ២៧ឆ្នាំរូបនេះធ្លាប់មានបទពិសោធលេងនៅក្របខណ្ឌ UEFA Europa League ទៀតផង។

មុនផ្ទេរមកកាន់ទឹកដីកម្ពុជា Paddy Barrett ធ្លាប់បានលេងឲ្យក្លិបធំៗជាច្រើន នៅលីគកំពូលប្រទេសស្កុតឡេន អៀរឡង់ និងក្លិបនៅក្របខណ្ឌ USL Championships របស់សហអាមេរិក ដូចជាក្លិប Dundee United, Waterford, Galway United, FC Cincinnati និងចុងក្រោយ Paddy លេងឲ្យក្លិប Indy Eleven។

វត្តមានរបស់កីឡាករមានបទពិសោធលេងនៅអឺរ៉ុបនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ដែលពួកគេរំពឹងថា នឹងធ្វើការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង និងជក់ចិត្តថែមទៀត។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor គឺមានកីឡាករបរទេសក្នុងដៃ ៤រូបហើយពោលគឺក្រៅពីសមាជិកថ្មី Paddy Barrett គឺមានខ្សែប្រយុទ្ធ Privat, ខ្សែបម្រើជប៉ុន Daisuke និងខ្សែបម្រើសញ្ជាតិប្រេស៊ីល Thiago។ រីឯកីឡាករបរទេសម្នាក់ទៀត លោក Conor ក៏ធ្លាប់បង្ហើបថា បានចុះកិច្ចសន្យារួចរាល់ហើយដែរ ដោយរង់ចាំតែថ្ងៃប្រកាសផ្លូវការតែប៉ុណ្ណោះ៕