(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint-Germain អាចរកបាន ៣ពិន្ទុជាលើកដំបូងក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅថ្មី លោក Mauricio Pochettino តាមរយៈបំបាក់ក្រុមភ្ញៀវ Brest ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Parc des Princes នារាត្រីថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

នេះការដឹកនាំលេងប្រកួតទី២ ក្នុងក្របខណ្ឌលីគកំពូលបារាំង Ligue 1 បន្ទាប់ពី ១ប្រកួតបើកឆាក ក្រុមរបស់លោក Pochettino បានត្រឹមស្មើ ១-១ ជាមួយ Saint-Etienne កាលពីរាត្រីថ្ងៃពុធសប្តាហ៍នេះ ក្រោមកិច្ចសន្យាដឹកនាំ Paris ចំនួន ១៨ខែរបស់បុរសអាហ្សង់ទីន។

ខ្សែប្រយុទ្ធ Moise Kean ដែលត្រូវបានខ្ចីជើងបន្តពី Everton រហូតចប់រដូវកាលឆ្នាំ២០២០-២០២១ នេះ រកបានគ្រាប់បើកឆាកនៅនាទី១៦ មុនពេលមិត្តរួមក្រុម Icardi និង Sarabia រកបានម្នាក់១គ្រាប់ចុងម៉ោងនៅនាទី៨១ និងនាទី៨៣ ដើម្បីបន្តដេញតំណែងកំពូលតារាងជាមួយ Lyon ដែលមាន ៤០ពិន្ទុធ្វើឲ្យក្រុមការពារតំណែងជើងឯកមាន ៣៩ពិន្ទុ បញ្ចប់ជើងទី១ ត្រឹមសប្តាហ៍ទី១៩៕