(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាស និងសម្រេចលុបកម្មវិធី សេរីភាពនៃការបញ្ចេញមតិ ដែលកំពុងល្បី Parler ដោយសារតែបានរំលោភលើច្បាប់ និងបង្កឱ្យមានអំពើហិង្សា។

យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹង Apple បានរកឃើញថា កម្មវិធី Parler មិនបានគោរពតាមបទបញ្ញត្តិរបស់ខ្លួន និងមិនបានទប់ស្កាត់ ឬរារាំងនូវមាតិកាជាច្រើន ដែលបង្កឱ្យមានអំពើហិង្សា។

ក្រុមហ៊ុន Apple បានជូនដំណឹងដល់ក្រុមហ៊ុន Parler ធ្វើការទប់ស្កាត់មាតិកាដែលនាំឲ្យមានអំពើហិង្សា ប៉ុន្តែក្រុមហ៊ុន Parler នៅតែមិនបានអនុវត្តតាមការណែនាំ ដូច្នេះ Apple ក៏សម្រេចចិត្តលុបចោល និងទុកឱកាសសម្រាប់ Parler ផងដែរ ក្នុងការរាំរាងមាតិកាដែលនាំឱ្យកើតមានអំពើហិង្សា។

គួរបញ្ជាក់ផងដែរថា Parler គឺជាបណ្ដាញសង្គមនៃវេទិកាបញ្ចេញមតិ ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលមានអ្នកប្រើប្រាស់រហូតដល់ ១០លាននាក់ និងប្រើជាប្រចាំថ្ងៃ ៤លាននាក់ ខណៈក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៣០នាក់៕