(ភ្នំពេញ)៖ ការងារមានប្រាក់ខែខ្ពស់ជាអ្វីដែលមនុស្សជាច្រើនចង់បាន, ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបានប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ការងារចោលដោយគ្មានសោកស្ដាយមកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ពីអ្នកជំនាញធនធានមនុស្សជាច្រើន។

ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ បានប្រើរយៈពេល១ឆ្នាំតែប៉ុណ្ណោះ ក្នុងការបង្កើតក្រុមហ៊ុននេះឡើង។

ជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ បានឱ្យដឹងថា «ខ្ញុំចង់ក្លាយជាផ្នែកមួយផ្ដល់ព័ត៌មានពីការងារល្អៗ ប្រាក់ខែខ្ពស់ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»

លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) បានជម្នះបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយ មិនមានជាការងាយស្រួលយ៉ាងណាក្ដី។

លោកជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួលដល់ការស្វែងរកបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយបំពេញបន្ថែមដល់ បុគ្គលិកមានចំណុចខ្វះខាតក្នុងការស្វែងរកការងារល្អនិង ប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម៤.០នេះ។

លោកក៏បានលើកឡើងពីមូលហេតុដែលបង្កើតក្រុមហ៊ុននទី ដូច្នេះថា ការស្វែងរកបុគ្គលិក សាកសមសម្រាប់បម្រើរការក្នុងក្រុមហ៊ុន មិនមែនជារឿងងាយស្រួលនោះទេ។ ទន្ទឹមនឹងនេះ សម្រាប់បុគ្គលិកមានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួន ក៏បានបាត់បង់ឱកាសនៅពេលមិនបានត្រៀមខ្លួនផងដែរ។

លោកបន្តថា «ដូច្នេះខ្ញុំក៏បង្កើតនទី ឡើងក្នុងគោលបំណងស្វែងរកធនធានសាកសមសម្រាប់ក្រុមហ៊ុន និង បង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយ ដែលឲ្យបេក្ខជនអាចដឹងពីចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីបំពេញបន្ថែមផងដែរ»

ការបង្កើតក្រុមហ៊ុនដែលមានស្តង់ដា និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ឆ្នាំរូបនេះ ត្រូវលះបង់ការងារជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនឯកជនមួយ។ ទន្ទឹមនឹងការលះបង់នេះ លោកក៏ត្រូវជួបបញ្ហាមួយចំនួនទៀត ព្រោះ ក្រុមហ៊ុននេះ ប្រើប្រព័ន្ធការងារថ្មីស្រឡាង។

លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងបន្ដថា៖ «ក្រុមហ៊ុន នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានាក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារមានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើបបានសម្រេចប្រព័ន្ធការងារមួយដោយស្ថាពរ និងសុក្រឹតិភាពបំផុត»

ការបង្កើតក្រុមហ៊ុនដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហរិរញ្ញវត្ថុខ្លះៗផងដែរ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះ បោះបង់ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យាដ៏ទំនើបមួយនេះបានទេ។

ជាជោគជ័យ ការខំប្រឹងប្រែងរយៈពេលមួយឆ្នាំរបស់សហគ្រិនរូបនេះ បានធ្វើឲ្យក្រុមហ៊ុន នទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួលដល់ការស្វែងរកធនធានមនុស្ស បម្រើរការក្នុងក្រុមហ៊ុន បន្ថែមពីនេះជួយដល់អ្នកស្វែងរកការងារ ដោយមានភាពងាយស្រួលមិនស្មុគស្មាញផងដែរ៕

ខាងក្រោមនេះ ជាព័ត៌មានលម្អិតនៃក្រុមហ៊ុន នទី៖ https://www.facebook.com/watch/?v=1604958266357294