(ភ្នំពេញ)៖ កញ្ញា យោធិន វីរិយ៉ា គឺជាតារាសម្តែងពន្លកថ្មី វ័យក្មេងមួយរូប ដែលកំពុងតែមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គម និងអ្នកតាមដានទស្សនារឿងខ្នាតខ្លី។ ដោយមានឈាមជ័រជាអ្នកសិល្បៈ កូនស្រីរបស់តារាសម្តែងជើងចាស់ សាវីន ហ្វីលីព រូបនេះបានទម្លាយថា គោលបំណងរបស់នាង គឺចង់ស្នងតំណែងជាតារាភាពយន្តមួយរូប ដែលថតរឿងខ្នាតធំឲ្យផលិតករបរទេស ដូចជាឪពុករបស់ខ្លួន ខណៈបច្ចុប្បន្នមានបទពិសោធថតរឿងខ្លីៗ និងទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ 

តារាសម្ដែង យោធិន វីរិយ៉ា ថ្លែងបែបនេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ នាងបានអះអាងថា តាំងពីផ្តើមខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈមក គឺមានខ្សែភាពយន្តខ្នាតខ្លីប្រហែល៧រឿងហើយ ដែលបានចូលរួមសម្តែង ដោយភាគច្រើនសុទ្ធតែជាប្រភេទរឿងអប់រំ។

ជាមួយគ្នានេះ ខ្សែភាពយន្តដែលផ្ទុះការគាំទ្រខ្លាំងជាងគេ និងមានការស្គាល់នាងកាន់តែច្រើននោះ គឺតាមរយៈការសម្តែងរឿងខ្នាតខ្លី ដែលណែនាំដោយ ភិក្ខុវជរប្បញោ គូ សុភាព មានចំណងជើងថា «ចត្តាឡីស័ក» ដែលជាប្រភេទរឿងអប់រំណែនាំដល់ប្រជាជនខ្មែរ នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈសម្តែងរឿងមួយនេះ កញ្ញា យោធិន វីរិយ៉ា ត្រូវបានមហាជនជនមិនតិចនាក់នោះទេ ដែលបានទស្សនាហើយ សុទ្ធសឹងតែសរសើរពីទេពកោសល្យនៃការសម្តែងរបស់នាង ត្បិតជាតារាពន្លកថ្មីក្តី តែមានទេពកោសល្យសម្ដែងបានល្អ។

ឆ្លើយតបនឹងការសាកសួររបស់ពីធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាងក៏បានបង្ហាញនូវអាថ៌កំបាំង ក៏ដូចជាបំណងដែលមាននៅក្នុងចិត្តតាំងពីយូរថា ទៅថ្ងៃអនាគត ខ្លួនចង់ ស្នងតំណែងជាតារាភាពយន្តពីឪពុកឲ្យបានល្អ និងមានការគាំទ្រច្រើនពីមហាជនដូចឪពុកដែរ។ និយាយរួម នាងចង់វិវត្តន៍ខ្លួនពីតារាសម្តែងភាពយន្តខ្នាតខ្លីដូចបច្ចុប្បន្ន ទៅសម្តែងជាភាពយន្តខ្នាតធំ ជាពិសេសថតជាមួយផលិតករបរទេស ដែលបានសហការផលិតភាពយន្តជាមួយផលិតករខ្មែរ។

គួរជម្រាបថា កញ្ញា យោធិន វីរិយ៉ា ក្រៅពីមមាញឹកនឹងការងារសិល្បៈហើយនោះ បច្ចុប្បន្ននាងក៏ជាសិស្សមួយរូបផងដែរ ដោយបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០ និងមានគម្រោងចូលរៀន នៅមហាវិទ្យាល័យបន្តទៀត។ នាងថា នឹងបន្តការសិក្សាមិនបោះបង់ឡើយ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែម ហើយសម្រាប់ការងារសិល្បៈវិញ ពេលទំនេរពីការសិក្សាទើបឆ្លៀតទៅសម្តែង៕