(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Sergio Aguero បានបន្តខកខានប្រកួតក្នុងក្លិប Manchester City ជាបន្តទៀត ក្រោយមានការប៉ះពាល់ដោយផ្ទាល់ជាមួយមិត្តរួមក្រុមដែលមានជំងឺ Covid-19 នាពេលថ្មីៗនេះ ដែលបង្ខំឲ្យរូបគេស្នាក់នៅដាច់ដោយឡែកផងដែរ។

Man City ត្រូវបានគេរកឃើញករណីវិជ្ជមាននៃវីរ៉ុស Covid-19 ដល់ទៅ ១១នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីជា Aguero បានធ្វើតេស្តអវិជ្ជមានក៏ដោយ ក៏អ្នកចាត់ការទូទៅក្លិប លោក Pep Guardiola បានថ្លែងប្រាប់ Channel News Asia ថា កីឡាករអាហ្សង់ទីនត្រូវតែនៅដាច់ដោយឡែកពីគេដែរ ដោយសារតែមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ។

លោក Pep បានថ្លែងបែបនេះ បន្ទាប់ពីជ័យជម្នះ ៣-០ ទៅលើក្រុមភ្ញៀវ Birmingham ក្នុងជុំទី៣ នៃពានរង្វាន់ FA Cup នៅរាត្រីថ្ងៃអាទិត្យ។ កីឡាករ Gabriel Jesus, Kyle Walker, Ederson, Ferran Torres, Eric Garcia, Scott Carson, Cole Palmer និង Tommy Doyle សុទ្ធតែជាកីឡាកររបស់ Man City ដែលបានធ្វើតេស្តវិជ្ជមានចាប់តាំងពីថ្ងៃ បុណ្យ Christmas ចុងខែមុន។

លើសពីនេះទៀត Aguero ទើបតែចូលលេងបាន ៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសជាបន្តបន្ទាប់ និងបន្តអវត្តមានពេលក្រុមមេឃខៀវមួយនេះប៉ះ Brighton, Crystal Palace និង Aston Villa នៃយុទ្ធនាការ Premier League ក្នុងរយៈពេល ១០ថ្ងៃទៀត៕