(ភ្នំពេញ)៖ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានរកឃើញក្រុមខ្លាំងប្រចាំឆ្នាំហើយ ខណៈមាន ៣ក្រុម ដែលដណ្ដើមបានជើងឯកលើវិញ្ញាសាប្រកួតចំនួន ៣ផ្សេងៗគ្នា រួមមានក្រុមក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងក្រុមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃនៅវិមានពហុកីឡដ្ឋានជាតិកាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះក្រុមក្រសួងការពារជាតិ បានគ្រងជើងឯកពានធំលើវិញ្ញាសាបុរស ៣នាក់ទល់នឹង ៣នាក់ បន្ទាប់ពីប្រកួតឈ្នះក្រុមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលលេខ៣ បានទៅក្រុមដេអិន។

ចំណែកក្រុមក្រសួងមហាផ្ទៃ បានគ្រងជើងឯកវិញ្ញាសាបុរស ២នាក់ទល់នឹង ២នាក់ បន្ទាប់ពីប្រកួតឈ្នះក្រុមក្រសួងមហាផ្ទៃ ហើយលេខ៣ បានទៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ រីឯក្រុមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានគ្រងជើងឯកវិញ្ញាសានារី ២នាក់ទល់នឹង ២នាក់ ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈលេខ៣ បានទៅក្រុមក្រសួងការពារជាតិ-១។

លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីមួយកម្រិតទៀត ហើយក៏ជាឱកាសល្អក្នុងការវាស់ស្ទង់សមត្ថភាពបច្ចេកទេសពួកគេ ក្នុងការចម្រាញ់កីឡាករ-កីឡាការិនីឆ្នើម ប្រមូលផ្ដុំជម្រើសជាតិត្រៀមការប្រកួតលើឆាកអន្ដរជាតិផងដែរ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕