(អាមេរិក)៖ ថ្មីៗនេះក្រុមហ៊ុន Google និង Apple បានសម្រេចចិត្តព្រមគ្នា លុបកម្មវិធី Parler (App) ចេញពី Store ក្រោម ហេតុផងថា បានបង្កឱ្យមានអំពើហិង្សា និងបានរំលោភលើគោលការណ៍ច្បាប់ដែលបានកំណត់។

ក្រុមហ៊ុន Google និង Apple មិនបាន បញ្ជាក់លម្អិតពីមូលហេតុច្បាស់លាស់ដែលនាំឱ្យលុបកម្មវិធីនេះចោលទេ ប៉ុន្តែបើតាមរបាយការណ៍ផ្សេងៗបានបង្ហាញថា បណ្ដាញសង្គមមួយនេះ សម្បូរទៅដោយក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាពិសេសគឺអ្នកអភិរក្សនិយម, ជ្រុលនិយម, ទ្រឹស្ដីនិយម និងអ្នកនយោបាយ ដោយបានបង្ហោះសារមួយចំនួននាំឱ្យមានអំពើហិង្សា។

Parler គឺជាបណ្ដាញសង្គមតូចមួយដែលបង្កើតឡើងក្នុងគោលបំណង និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញមតិដោយសេរី ដោយ លោក John Matze, Jr. និង Jared Thomson កាលពីឆ្នាំ២០១៨ ហើយពាក្យថា Parler មានន័យក្នុងភាសាបារាំងថា «និយាយ»។

Parler ទទួលបានការគាំទ្រគួរសម ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ ១០០០០០នាក់ នៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្នុង នោះភាគច្រើនគឺសុទ្ធសឹងតែជាអ្នកលេងនយោបាយ ជាពិសេសគឺគាំទ្រលោកដូណាល់ ត្រាំ ។ Parler បានផ្ទុះការគាំទ្រខ្លាំងនៅពេល ដែល ក្រុមមេធាវី និងអ្នកនយោបាយមួយចំនួនបានចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនា គាំទ្រលោកត្រាំ រហូតដល់មានព័ត៌មានមួយចំនួនបាន សរសេរថា Parler ជាកម្មសិទ្ធិរបស់លោកត្រាំមែន?

នៅក្នុងខែមិថុនា ឆ្នាំ២០១៩ Parler បានប្រកាសថា ចំនួនអ្នកប្រើបានកើនឡើងពីរដង គឺកើនដល់ ២០០០០០នាក់ ដែលអ្នកប្រើប្រាស់ ថ្មី ភាគច្រើនមកពីអារ៉ាប់ប៊ីសាអូឌីត និងគាំទ្រព្រះអង្គម្ចាស់ Mohammed bin Salman ។

នៅពាក់កណ្ដាលឆ្នាំ២០២០ ចំនួនអ្នកប្រើ Parler បានកើនឡើងខ្លាំងតែម្ដង ដោយតាមការសង្កេតគឺកើនឡើងនៅពេល បណ្ដាញ សង្គម Twitter បានបិទគណនី និងការឃោសនាមួយចំនួនពាក់ព័ន្ធនឹងក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ។ គិតមកដល់បច្ចុប្បន្ន Parler ត្រូវ បាន គេដឹងថា មានអ្នកប្រើប្រាស់សរុបរហូតដល់ ១០លាននាក់ ដោយក្នុងនោះប្រើប្រាស់ជាប្រចាំថ្ងៃជាង ៤លានលាក់។

តាមរបាយការណ៍របស់ The Verge បានបង្ហាញថា Parler App ត្រូវបានទាញយកជិត ១លានដងនៅលើ App Store និង Play Store ក្នុងរយៈពេល ១ថ្ងៃ ពោលគឺនៅក្នុងអំឡុងពេលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ឆ្នាំ២០២០ ដោយ នៅក្រោយ ពេលបោះឆ្នោតរួច ការទាញយក App ក៏នៅតែបន្តកើនឡើងផងដែរ។

នៅចុងឆ្នាំ ២០២០ បណ្ដាញសង្គមបញ្ចេញមតិដោយសេរីមួយនេះ ត្រូវបានសារព័ត៌មាន The Wall Street Journal បានចេញផ្សាយ ថា បានទទួលមូលនិធិពីលោកស្រី Rebekah Mercer ជាអ្នកវិនិយោគ និងនយោបាយ។ ក្រោយមកទៀត សារព័ត៌មាន CNN ក៏បាន ចេញផ្សាយផងដែរថា លោកស្រី Rebekah Mercer បានក្លាយជាសហស្ថាបនិក Parler។

ពាក់ព័ន្ធនឹងព័ត៌មានផ្ទៃក្នុង ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុ របស់បណ្ដាញសង្គមមួយនេះ គេមិនបានដឹងច្បាស់ឡើង ដោយសារតែ Parler តែងតែព្យាយាមលាក់បាំង ប៉ុន្តែមនុស្សមួយចំនួនបានដឹងថា បណ្ដាញសង្គមមួយនេះមានផែនការរកប្រាក់ចំណូលតាមរយៈការ ផ្វផ្សពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២០៕