(ភ្នំពេញ)៖ អស់រយៈកាល២០ឆ្នាំមកហើយ ដែលតារាចម្រៀង ឆោម និមល បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក។ តើរយៈពេល២០ឆ្នាំមកនេះ ឆោម និមល បានជួយអ្វីខ្លះដល់វិស័យ សិល្បៈចម្រៀង ខ្មែរ នៅលើឆាកអន្តរជាតិ? តារាចម្រៀងកូនខ្មែរមួយរូបមានឈ្មោះល្បី ឆោម និមល ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីពៅរបស់អ្នកនាង ឆោម ឆវិន បានក្លាយជាអ្នកជួយផ្សព្វផ្សាយបទចម្រៀងជាភាសាខ្មែរលើកដំបូងគេ ចូលទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប តាមរយៈក្រុមតន្រ្តី «Denguefevermusic» ដែលមាននាងជាសមាជិក ដើម្បីឲ្យបណ្ដាប្រទេសទាំងអស់នោះ បានស្គាល់ប្រជាជនខ្មែរ និងវប្បធម៌សិល្បៈចម្រៀងខ្មែរ កាន់តែច្បាស់។
តារាចម្រៀង ឆោម និមល បានថ្លែងប្រាប់ Fresh news Plus ពីអាមេរិកឲ្យដឹងថា នាងបានចេញទៅរស់នៅអាមេរិក តាំងពីឆ្នាំ២០០០មកម្ល៉េះ។ រស់នៅអាមេរិក ២០ឆ្នាំមកនេះ នាងមានសា្នដៃសិល្បៈច្រើន តាមរយៈការប្រគំតន្រ្តី និងមានក្រុមចម្រៀង Denguefevermusic និងបានចេញសម្ដែងតាមបណ្ដាប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងសហភាពសូវៀតផងដែរ។ តាមរយៈក្រុមតន្រ្តីនេះ នាងបានច្រៀងជាភាសាខ្មែរ ធ្វើឲ្យបណ្ដាប្រទេសទាំងអស់នោះ បានស្គាល់ខ្មែរកាន់តែច្បាស់។ ជាមួយក្នានេះ វិស័យសិល្បៈចម្រៀង បទចម្រៀងនានា ត្រូវបានលើកយកមកបកស្រាយ បើទោះបីជាក្រុមរបស់នាង មានសមាជិកជាជនបរទេស ប៉ុន្តែពួកគេអាចលេងភ្លេងរបស់ខ្មែរបាន ធ្វើឲ្យនាងមានឱកាសបានចូលជាសមាជិក និងដើរផ្សព្វផ្សាយចម្រៀងជាភាសាខ្មែរ បានច្រើនប្រទេសនៅលើសកលលោក។
តារាចម្រៀង ឆោម និមល និយាយថា «ក្នុងរយៈពេល២០ឆ្នាំជាងនេះ ដែលនាងខ្ញុំបានមករស់នៅប្រទេសអាមេរិក ហើយការងាររបស់នាងខ្ញុំ គឺជាអ្នកចម្រៀង ហើយមានសមត្ថភាពក្នុងត្រកូលតាំងពីនៅខ្មែរមកម្ល៉េះ។ តែខ្ញុំពិតជាមានសំណាងជាងគេ ដែលក្រុមតន្រ្ដី ខ្ញុំឈ្មោះថា Denguefevermusic បានជ្រើសរើសខ្ញុំ ឲ្យធ្វើជាអ្នកចម្រៀងស្រីប្រចាំបេន និងក្រុមរបស់ខ្លួន ហើយក៏បានស្គាល់គ្រប់ប្រទេសនៅលើពិភពលោក ពោលគឺមានគ្រប់រសជាតិ សប្បាយ ហត់នឿយ គេងមិនគ្រប់ ជិះឡាន ជិះរទេះភ្លើង កាត់ស្នូរកាត់ភ្លៀងក៏មាន ចុះពីលើរថយន្ដភ្លាម ត្រូវទៅឡើងលើឆាកច្រៀងក៏មាន។ ខ្ញុំរស់ដោយសមត្ថភាព ហើយកម្លាំងញើសឈាមខ្លួនឯង មិនបានពឹងអ្នកណាឲ្យមកជួយខ្ញុំទេ។ ចង់ប្រាប់ថា នាងខ្ញុំសប្បាយចិត្ត ដែលបានជួបបងប្អូនមិត្តភក្កិសុទ្ធតែមនុស្សល្អៗ ចូលមកក្នុងជិវិតរបស់នាងខ្ញុំ»។
ងាកមកសម័យជំងឺកូវីដវាយលុកនេះវិញ បានធ្វើឲ្យក្រុមតន្រ្តីរបស់នាង មិនអាចចេញបទចម្រៀងថ្មីបាន ជាពិសេសគម្រោងចេញទៅសម្ដែងជាច្រើន តាមរយៈបណ្ដាប្រទេសនានានៅលើសកលលោក និងកម្មវិធីផ្សេង ក៏ត្រូវបានផ្អាកទាំងស្រុង ពោលគឺសម្រាកនៅតែក្នុងផ្ទះ មិនអាចចេញទៅណាបានឡើយ។ គម្រោងមកលេងនៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានផ្អាកទាំងស្រុងដែរ។ ជាមួយគ្នានេះ ក៏មានផលប៉ះពាល់ដល់ចំណូលគ្រួសារគួរសម ព្រោះតែក្នុងសម័យជំងឺកូវីដនេះ យើងគ្មានចំណូល តែមានចំណាយ ដូចនេះប្រាក់ដែលយើង សន្សំបានកន្លងមក គឺត្រូវយកមកចំណាយទប់ទល់នៅពេលនេះទាំងអស់។
ឆោម និមល បន្តទៀតថា ក្នុងឆ្នាំ២០២០នេះ នាងចង់ទៅមកស្រុកកំណើតខ្លាំងណាស់ ប៉ុន្តែមិនអាចមកបានទេ ខណៈដែលកាលពីមិនទាន់មានជំងឺកូវីដ១៩ចូលវាយលុក គឺនាងមានគម្រោងក្នុងមួយឆ្នាំ ត្រូវតែមកលេងស្រុកកំណើតពី២ ឬ៣ដង ដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិនៅប្រទេសកម្ពុជា និងដើរលេងកម្សាន្តផង។ តែពេលនេះត្រូវគាំងស្ញេញ ចង់ទៅណាក៏មិនកើតដែរ។ យ៉ាងណាមិញ ក្រៅពីមកសម្ដែងនៅកម្ពុជា តាមរយៈការអញ្ជើញជាផ្លូវការរបស់ស្ថានទូតអាមេរិក ឡាវ ឬវៀតណាម រូបនាងក៏ធ្លាប់បានដឹកនាំក្រុមតន្រ្តីនេះផ្ទាល់ខ្លួន ឲ្យមកសម្ដែងនៅកម្ពុជាច្រើនលើកច្រើនសារមកហើយដែរ។
ប្អូនស្រីពៅរបស់អ្នកស្រី ឆោម ឆវិន រូបនេះ ត្រូវបានគេស្គាល់ថា នាងជាតារាចម្រៀង មានឈ្មោះបោះសំឡេងល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយបានកសាងនូវស្នាដៃជាច្រើនក្នុងការងារសិល្បៈ។ ក្នុងនោះកាលពីឆ្នាំ១៩៩៧ រូបនាងបានប្រឡងជាប់ជយលាភីលេខ១ កម្មវិធី «ពានរង្វាន់អប្សរា» រៀបចំឡើងដោយស្ថានីយទូរទស្សន៍អប្សរា ដែលទទួលបានពានរង្វាន់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ៕